អាជ្ញាធរមីន ៖ ប្រជាជនភៀសសឹកប្រមាណ ៣០ម៉ឺននាក់ ទទួលបានការអប់រំផ្សព្វផ្សាយ ការយល់ដឹងពីគ្រោះថ្នាក់ដោយសារ យុទ្ធភណ្ឌគ្រឿងផ្ទុះ
ភ្នំពេញ៖ ក្រោយមានការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ជាលើកទី២ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញ នូវគោលដៅបន្ទាន់ ក្នុងការធានាសុវត្ថិភាព សុខមាលភាព និងសុខដុមរមនា ជូនប្រជាជនភៀសសឹក ក្នុងនោះរួមមាន ការយកចិត្តទុកដាក់ខ្ពស់ លើការអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលប្រជាជន ភៀសសឹក វិលត្រឡប់ទៅលំនៅឋានវិញ ។

ជាមួយគ្នានោះ អាជ្ញាធរមីន ក្នុងនាមជាសេនាធិការ ឱ្យរាជរដ្ឋាភិបាល បានចេញនូវសេចក្តីណែនាំសម្រាប់ភាគីពាក់ព័ន្ធ ស្តីពី វិធានការបន្ទាន់ក្នុងការអប់រំ ផ្សព្វផ្សាយការយល់ដឹងពី គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ។
អាជ្ញាធរមីន បានឱ្យដឹងថា «គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ប្រជាជនភៀសសឹក ប្រមាណ ៣០ម៉ឺននាក់ ក្នុងចំណោមប្រជាជនភៀសសឹក សរុបចំនួនជាង ៥៤ម៉ឺន នាក់ បានទទួលការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមមណ្ឌលជនភៀសសឹកក្នុងខេត្តចំនួន៧ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កោះកុង ព្រះវិហារ និងឧត្តរមានជ័យ»។

អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្របសម្រួលជាមួយ ភាគីពាក់ព័ន្ធ ដោយប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីធ្វើសកម្មភាពអប់រំផ្សព្វផ្សា យការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងតម្រង់គោលដៅ បោសសម្អាតនៅតាមតំបន់ ដែលរងផលប៉ះពាល់ ដោយសារសង្រ្គាម ក្នុងការរួមចំណែកគាំទ្រ ដល់ការស្តារហេដ្ឋារចនាសម្ព័ន្ធ ដូចជា វត្តអារាម ប្រសាទបុរាណ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បុស្តិ៍រដ្ឋបាល ផ្សារ ស្ពាន ជាដើម និងរៀបចំលំនៅដ្ឋានឡើងវិញ ជូនប្រជាជនរងគ្រោះ។
អាជ្ញាធរមីន នឹងបន្តកិច្ចសហការជាមួយប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកធនធានបន្ថែមសម្រាប់គាំទ្រ ដល់សកម្មភាពបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗ នៅកម្ពុជា។
