លោក ស៊ុន ចាន់ថុល ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តការគៀងគរ អ្នកវិនិយោគ ពិសេសការវិនិយោគទុន ក្រោម៥លានដុល្លារ
ភ្នំពេញ៖ លោក ស៊ុន ចាន់ ថុល ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តការគៀងគរ អ្នកវិនិយោគ ឱ្យវិនិយោគនៅតាមមូលដ្ឋាន ពិសេសគឺការវិនិយោគ ក្នុងទំហំទុនវិនិយោគ ក្រោម៥លានដុល្លារ ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើស្របទៅតាមកការចង់បាន របស់រាជរដ្ឋាភិបាល។

ការជំរុញរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានីភ្នំពេញ បានធ្វើឡើង ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ។

ក្នុងឱកាសនេះ លោក ស៊ុន ចាន់ថុល លើកឡើងថា ក្នុងឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដើរទាក់ម៉ូយអ្នកវិនិយោគបាន៦៣០គម្រោង ក្នុងទំហំទឹកប្រាក់ ប្រមាណ ១០ពាន់លានដុល្លារអាមេរិក ខណៈដែលនៅក្នុងឆ្នាំ២០២៤ មានត្រឹមតែ ៤១៤គម្រោងប៉ុណ្ណោះ មានន័យថា ក្នុងមួយឆ្នាំៗ គម្រោងវិនិយោគ ចេះតែកើនឡើងរហូត ខណៈដែលនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឱ្យកម្ពុជា ទទួលបានការវិនិយោគកាន់តែច្រើន។

បន្តែមពីនេះលោក ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តខិតខំ ពង្រឹងស្ថេរភាពនយោបាយ ។បន្តថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលដ្ឋ ខិតខំទប់ស្កាត់ព័ត៌មានក្លែងក្លាយ បំភ្លើសការពិត នាំអាប់អោនជាតិ។ បន្តទប់ស្កាត់បទល្មើសគ្រប់ប្រភេទ លួច ឆក់ ប្លន់ ល្បែង ស៊ីសង ពិសេសការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានថ្លែងថា សមទ្ធិផល និងស្នាដៃការងារសំខាន់ៗ ដែលរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានកន្លងមក នៅក្នុងឆ្នាំ២០២៥នេះ បានកើតចេញពីធម្មនុញ្ញផល នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលបានស្តារនិងកសាងឡើងវិញ ក្រោមគតិបណ្ឌិតដឹកនាំដោយខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងក្រោមការបន្តពូនជ្រុំថែទាំ យ៉ាងដិតដល់បំផុត របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបានការណែនាំ ជាប់ជាប្រចាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕






ដោយ៖ ដារាត់| ដើមអម្ពិល
