ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់ច១ និងស្ពានស្ទឹងមេទឹក ក្នុងស្រុកវាលវែង ក្រោយបទឈប់បាញ់ ចូលជាធរមាន
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង ១៤:០៥នាទីរសៀល ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់ច១ និងស្ពានស្ទឹងមេទឹក ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បន្ដថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ បទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។

ជាមួយគ្នានេះ កម្ពុជា តែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់AOT ដើម្បី ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ផ្អែកតាមស្មារតីខាងលើ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនពីរ ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ដូចខាងក្រោម៖

-នៅវេលាម៉ោង១៤:០៥នាទីរសៀល ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន។

-នៅវេលាម៉ោង១៥:១៦នាទីរសៀល ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕







