ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញអបអរសាទរ ការវិនិយោគទំហំ ៥០០ លានដុល្លារ របស់ក្រុមហ៊ុនអាម៉េរិក CRL នៅខេត្តកំពង់ធំ

កំពង់ធំ ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការវិនិយោគរបស់ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខគេនៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត ដើម្បីប្រកាសពីការចាប់ផ្តើមដំណាក់កាលថ្មីនៃការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅកម្ពុជា ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទឹកប្រាក់វិនិយោគរហូតដល់ ៥០០ លានដុល្លារអាម៉េរិក។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Charles River Laboratories – CRL បានសម្រេចចិត្តវិនិយោគក្នុងខេត្តកំពង់ធំ ដែលជាចំណុចកណ្តាល និងមានលក្ខណៈជាយុទ្ធសាស្រ្តនៅកម្ពុជា។

លោក បានបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យឯកជន ដែលគម្រោងខ្លះបាននិងកំពុងអនុវត្ត ហើយគម្រោងខ្លះទៀតកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ ដូចជា៖ សួនឧស្សាហកម្មចន្ទី, សួនកសិ-ឧស្សាហកម្ម និងការចិញ្ចឹមខ្យង់គុជ ព្រមទាំងគម្រោងអភិវឌ្ឍទេសចរណ៍ វារីវប្បកម្ម ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ និងដំឡូងមីជាដើម គឺជាការបង្ហាញឱ្យឃើញថា ខេត្តកំពង់ធំកំពុងស្ថិតក្នុងចលនការវិជ្ជមាន ស្របតាមចក្ខុវិស័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺលែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការស្វាគមន៍ និងគាំទ្រការវិនិយោគរបស់ក្រុមហ៊ុន CRL នៅកម្ពុជានាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន ជាពិសេសអនុសញ្ញា CITES ពាក់ព័ន្ធនឹងការចិញ្ចឹម និងការធ្វើពាណិជ្ជកម្មសត្វ។ គម្រោងវិនិយោគដ៏ធំនេះ ក៏ជាបង្គោលចរដ៏សំខាន់មួយ (Milestone) នៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រ ការស្រាវជ្រាវ និងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវ និងដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង៕

To Top