ព័ត៌មានជាតិ

ពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ កម្ពុជា នឹងរងឥទ្ធិពលព្យុះ ណូកាន អាចមានភ្លៀង និងខ្យល់កន្ត្រាក់ តាមបណ្ដាលខេត្តមួយចំនួន

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្នខ្ពស់ ព្រោះថា កម្ពុជា នឹងរងឥទ្ធិពលព្យុះ ណូកាន (Nokaen) បណ្តាលឱ្យ ខេត្តមួយចំនួន អាចមានភ្លៀង និងខ្យល់កន្ត្រាក់។

យោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី១៥ មករា ថា សម្ពាធទាប ដែលកើតមាននៅមហាសមុទ្រ ប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១ឈ្មោះ ណូកាន (Nokaen) T2601។

គន្លងផ្លូវដើររបស់ព្យុះ ណូកាន នេះ ស្ថិតនៅ ក្បែរប្រទេសហ្វីលីពីន និងមិនប៉ះពាល់ដល់ប្រទេសកម្ពុជា នោះទេ វាគ្រាន់តែមានឥទ្ធិពលលើរបបខ្យល់មូសុង ឦសានដែលបក់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦៖

១.តំបន់វាលទំនាប៖ ខេត្តកំពង់ចាម ព្រៃវែង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។ ចំណែកខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ស្វាយរៀង និងខេត្តត្បូងឃ្មុំ ពុំមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប៖ ខេត្តប៉ៃលិន និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែក ពុំមាន ភ្លៀងធ្លាក់ទេ។

៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២០ម៉ែត្រ។

យោងលើការព្យាករដូចបានជម្រាបជូនខាងលើ ក្រសួង បានគូសបញ្ជាក់ថា «សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក»៕

To Top