នគរបាលជាតិ ឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជិត ៨០នាក់ បញ្ជូនទៅតុលាការ ក្នុងរយៈពេល ៧ថ្ងៃ
ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ នៃសប្ដាហ៍ទី២ ឆ្នាំ២០២៦ គិតពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងចំនួន ២១ករណី ឃាត់ខ្លួនមនុស្ស ៧៨នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាលបានអនុវត្ត តាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនពួកគេទាំងអស់នោះទៅតុលាការ ខណៈជនសង្ស័យមួយចំនួនទៀត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចជាស្រេច និងកំពុងស្វែងរកចាប់ខ្លួន។
សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលសមត្ថកិច្ចនគរបាលជាតិ ចុះបង្ក្រាបបាននោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ ព្រះសីហនុ ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ និងខេត្តតាកែវ។
លទ្ធផលនៃការបង្ក្រាបនេះ បញ្ជាក់យ៉ាងច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ អាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ច នៅតែបន្តបង្ក្រាបដោយមិនដកដៃ គ្រប់បទល្មើសក្នុងសង្គម ទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង។
គួរកត់សម្គាល់ថាក្នុងសប្ដាហ៍ទី១ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីក្មេងទំនើង១៧ករណី ឃាត់ខ្លួនមនុស្ស៥០នាក់ បញ្ជូនទៅតុលាការ និងបានបង្ក្រាបករណីល្បែងស៊ីសងចំនួន៣ករណី ឃាត់ខ្លួនជនងប់ល្បែង ចំនួន៩នាក់បញ្ជូនទៅតុលាការ៕
