កម្ពុជា លើកលែងទិដ្ឋាការ ភ្ញៀវទេសចរចិន រយៈពេល៤ខែ
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានប្រកាសពីការលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិន ក្នុងអំឡុងពេល៤ខែ ចាប់គិតពីថ្ងៃទី១៥ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦បានឱ្យដឹងថា ការលើកលែងនេះ បន្ទាប់ពីមានការឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ដោយរាជរដ្ឋាភិបាល បានអនុញ្ញាត ដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន នៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ ។
បើតាមការបញ្ជាក់ពីក្រសួង ពលរដ្ឋចិន ទាំងនោះរួមមាន ៖ ចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេង ក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅ ក្នុងប្រទេសកម្ពុជា បានចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។
ក្រសួងបញ្ជាក់ថា ក្នុងកំឡុងពេលសុពលភាព នៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន៕
