ព័ត៌មានជាតិ

CMA រួមជាមួយ គ្រឹះស្ថានសមាជិក បន្តអនុវត្តវិធានការ ជួយសម្រាលបន្ទុកអតិថិជន ដើម្បីគាំទ្រជីវភាពរស់នៅ របស់កងទ័ពជួរមុខ និងស្តារសហគមន៍រង ផល់បះពាល់ឡើងវិញ

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) រួមជាមួយគ្រឹះស្ថានសមាជិក នឹងបន្តអនុវត្តវិធានការ ជួយសម្រាលបន្ទុក អតិថិជនរបស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និង តម្លាភាព ស្របតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់ជីវភាព រស់នៅរបស់កងទ័ពជួរមុខ និងស្តារសហគមន៍ រងផល់បះពាល់ឡើងវិញ។

តាមរយៈសេចក្ដីសេចក្តីប្រកាសព័ត៌មានរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញលទ្ធផលសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ ដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា (NBC)។

ក្នុងរយៈពេលចន្លោះពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអនុវត្តវិធានការ បន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុក ដល់សហគមន៍ដែលរងគ្រោះ។

លទ្ធផលសំខាន់ៗ នៃការអនុវត្តវិធានការទាំងនេះ រួមមាន៖ លើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាមេរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុក្នុងអំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ ។ លុបចោលបំណុល (ទាំងប្រាក់ដើម និងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងការបាត់បង់ចំណូលរបស់ពួកគេ ។ ថវិកាចំនួន ៣៤០.០០០ដុល្លារអាមេរិក ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់នានា ត្រូវបានរៃអង្គាសតាមរយៈកម្មវិធីសប្បុរសធម៌របស់សមាគម និងគ្រឹះស្ថានសមាជិក ត្រូវបានបរិច្ចាគជូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅក្នុងខេត្តរងផលប៉ះពាល់ ។ ឥណទានប្រមាណ ៥០០លានដុល្លាអាមេរិក ត្រូវបានរៀបចំឡើងវិញ ដើម្បីសំរាលសំពាធហិរញ្ញវត្ថុជូនដល់ជនភាសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។

វិធានការដែល បានលើកឡើងលើនេះ ត្រូវបានអនុវត្តស្របពេលជាមួយនឹងការអនុវត្តការរៀបចំឥណទានឡើងវិញ និងវិធានការជួយអតិថិជនផ្សេងៗ តាមការណែនាំរបស់ធនាគារជាតិ នៃកម្ពុជា ដើម្បីធានាថា អតិថិជនដែលរងផល ប៉ះពាល់នៅតែអាចទទួលបានសេវាហិរញ្ញវត្ថុ ដោយមិនមានសម្ពាធហិរញ្ញវត្ថុបន្ថែម។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយគ្រឹះស្ថានសមាជិក ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន នូវសេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន ហើយនិងបន្តអនុវត្តវិធានការ ជួយសម្រាលបន្ទុកអតិថិជន របស់ខ្លួនប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ស្របតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់ជីវភាពរស់នៅរបស់កងទ័ពជួរមុខ និងការស្តារសហគមន៍រងផល់បះពាល់ឡើងវិញ៕

To Top