រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ។

អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ អនុសញ្ញានេះ កំណត់អំពីក្របខ័ណ្ឌគតិយុត្ត នៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍ តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ច របស់រដ្ឋភាគី ក្នុងការប្រើប្រាស់ លម្ហសមុទ្រ និងសេចក្តីណែនាំនានា សម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រង ធនធានធម្មជាតិ សមុទ្រដ៏សម្បូរបែប ។

ការផ្តល់សច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍ ដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមានសមុទ្រ ទទួលបាននូវក្របខ័ណ្ឌច្បាប់ សមុទ្រមួយពេញលេញ សម្រាប់កិច្ចការសមុទ្រ , ទទួលបានការការពារតាមច្បាប់ សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា និងការពង្រឹងតួនាទីកម្ពុជា លើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ ដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រ, ដោះស្រាយបញ្ហាសមុទ្រ ជាមួយបណ្តាប្រទេសនានា និង មានសិទ្ធិចូលរួមបោះឆ្នោត ជ្រើសរើសសមាសភាព អាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការ អន្តរជាតិនីតិសមុទ្រ ជាដើម ៕

