ព័ត៌មានជាតិ

លោកប្រាក់ សុខុន ៖ ពលរដ្ឋភៀសសឹក ៤ពាន់គ្រួសារ មិនទាន់ត្រឡប់ទៅលំនៅឋាន ដោយសារថៃ បន្តកាន់កាប់

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា មានប្រជាពលរដ្ឋភៀសសឹក របស់កម្ពុជា ប្រមាណជា៤ ០០០គ្រួសារទៀត មិនទាន់អាចវិលត្រឡប់ ទៅកាន់លំនៅឋានវិញ ដោយសារទាហាន ឈ្លានពានថៃ នៅតែបន្តកាន់កាប់ និងដាក់របាំង មិនឱ្យប្រជាពលរដ្ឋចូលភូមិឋាន ។

លោក ប្រាក់ សុខុន ក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា យោធាថៃ នៅតែបន្តកាន់កាប់តំបន់ ជនស៊ីវិល នៅកម្ពុជា មួយចំនួន និងបានរារាំង មិនឱ្យប្រជាពលរដ្ឋកម្ពុជា ចូលភូមិឋាន តាមរយៈការរាយលួសបន្លា និងដាក់ទូរកុងតឺន័រ ដែលទង្វើនេះគឺជាការបង្កហានិភ័យ ដល់បទឈប់បាញ់ រវាងប្រទេសទាំងពីរ” ។

ឧបនាយករដ្ឋមន្ត្រីបន្តថា “ទោះបីជាស្ថានការណ៍នៅតែស្ងប់ស្ងាត់ ប៉ុន្តែក៏មានហានិភ័យមួយចំនួនផងដែរ។ ដូច្នេះយើងសង្ឃឹមថា ប្រទេសថៃនឹងប្តេជ្ញាចិត្ត ចំពោះការអនុវត្តបទឈប់បាញ់ ពេញលេញ និងបញ្ឈប់ទង្វើបង្ក អរិភាពរបស់ខ្លួន”។

សូមបញ្ជាក់ថា យោធាថៃ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៧ ខែធ្នូ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបើកប្រតិបត្តិការ វាយលុកផ្នែកយោធា ដែលបានគិតទុកជាមុន និងជាប្រព័ន្ធ លើទីតាំងជាច្រើន តាមបណ្តោយព្រំដែន ដែលទទួលស្គាល់ដោយអន្តរជាតិ ដោយវាយសំរុកចូលទន្រ្ទានកាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានា ដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ មានភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ។ ដោយឡែកនៅខេត្តពោធិ៍សាត់ មានតំបន់ភ្លុកដំរី និងច្រកអន្តរជាតិថ្មដា ។ ចំណែកឯខេត្តព្រះវិហារវិញ មានតំបន់អានសេះ តំបន់តាថាវ និងតំបន់ភ្នំទ្រព្យ និងខេត្តឧត្តរមានជ័យ មានតំបន់អូរស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស៕

To Top