ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្ម កម្ពុជា-កាណាដា កើនឡើង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កាណាដា បានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់ ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក Christian Des Roches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក អូន ព័ន្ធមុនីរ័ត្ន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សា ទំនាក់ទំនងល្អ និងបង្កើនកិច្ចសហប្រប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលបានប្រែក្លាយកាណាដាទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ។
លោកបន្តថា ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ, ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កាណាដា បានកើនឡើងជាលំដាប់ ។ ដោយក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ជាង១ ប៊ីលានដុល្លារ គឺកើនឡើងប្រមាណ១៥%ធៀបនឹងឆ្នាំមុន ។

រដ្ឋមន្រ្តីសេដ្ឋកិច្ចអះអាងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តបន្ថែមទៀតដល់វិនិយោគិនកាណាដា ឱ្យមកដាក់ទុកវិនិយោគនៅកម្ពុជាបន្ថែមទៀត ។

បើតាមរដ្ឋមន្រ្តីសេដ្ឋកិច្ច កម្ពុជា-កាណាដា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការជំរុញនូវការវិនិយោគក្នុងវិស័យដែលមានសក្តានុពល , បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីកហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យអាទិភាព ។ ជាមួយគ្នានេះ កម្ពុជា-កាណាដា នឹងពិនិត្យលទ្ធភាពក្នុងការកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារទៅវិញទៅមកនូវការវិនិយោគ និងកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ៕

To Top