ព័ត៌មានជាតិ

ក្រុមហ៊ុន MEDNAATH ប្រើប្រាស់ AI បកប្រែភាសា១៥០ មានទាំងភាសាខ្មែរបានជួយសម្រួលដល់ពលរដ្ឋខ្មែរនៅកូរ៉េ

ភ្នំពេញ ៖ ក្រុមហ៊ុន MEDNAATH ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) មានសមត្ថភាពបកប្រែភាសារហូតដល់១៥០ដែលមានទាំងភាសាខ្មែរផងដែរនោះ បានជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋខ្មែររស់នៅកូរ៉េ ក្នុងការប្រើប្រាស់ភាសា។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក NITISH KUMAR ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន MEDNAATH លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ក្រុមហ៊ុន MEDNAATH គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងការបកប្រែភាសាដោយផ្ទាល់ពេលដែលដៃគូសន្ទនាកំពុងនិយាយគ្នាតាមទូរស័ព្ទ ។

លោកថា កម្មវិធីនេះ អាចជួយសម្រួលដល់រនាំងភាសាសម្រាប់ជនបរទេសដែលនិយាយភាសាពីរផ្សេងគ្នា ដែលមានសមត្ថភាពបកប្រែបានរហូតដល់១៥០ ភាសា ។ ក្នុងនោះក៏មានភាសាខ្មែរផងដែរ។

ឯកអគ្គរាជទូត បានកោតសរសើរចំពោះក្រុមហ៊ុនដែលបង្កើតបាននូវបច្ចេកវិទ្យាដ៏ល្អមួយ ដែលជួយសម្រួលដល់ជនបរទេស ពិសេសជនជាតិខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េ ដែលពួកគាត់ជួបប្រទះការលំបាកក្នុងការប្រើប្រាស់ភាសាសម្រាប់ការប្រាស្រ័យទាក់ទងជាមួយជនជាតិកូរ៉េ។

លោក ឃួន ផុនរតនៈ បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបញ្ជៀបសេវារបស់ខ្លួនទៅដល់ម្ចាស់រោងចក្រនានា ដើម្បីជួយសម្រួលដល់ការលំបាកដល់ពលរដ្ឋខ្មែរដែលជួបប្រទះបញ្ហាក្នុងការប្រើប្រាស់ភាសា៕

To Top