ព័ត៌មានជាតិ

លោកអភិបាលក្រុងស្ទឹងសែន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ប្រជាពលរដ្ឋ អាជីវករដែលលក់ដូរតាមដងផ្លូវ និងក្នុងផ្សារកំពង់ធំ និងផ្សារចាស់

កំពង់ធំ៖ លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ប្រជាពលរដ្ឋ អាជីវករដែលលក់ដូរតាមដងផ្លូវ និងក្នុងផ្សារកំពង់ធំ និងផ្សារចាស់ ដើម្បីឱ្យក្រុងស្ទឹងសែនមានសោភ័ណភាពស្រស់បំព្រង ជាទីក្រុងស្អាត ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។

លោក ឡង គីសឹង បានគូសបញ្ជាក់ថា ការងារសណ្តាប់ធ្នាប់ និងសោភ័ណភាពផ្អែកតាមផែនការរបស់គណៈកម្មាការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពខេត្ត និងលិខិតបទដ្ឋាននានា គណៈម្មការនេះត្រូវលើកផែនការអនុវត្តជាក់ស្តែង។ រៀបចំសណ្តាប់ធ្នាប់ ការលក់ដូរនៅផ្សារ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងទីប្រជុំជនក្រុង ឱ្យមានសណ្តាប់ធ្លាប់ល្អ។

ធ្វើការហាមឃាត់មិនឱ្យមានការហាលឬការព្យួរសំលៀកបំពាក់សម្ភារផ្សេងៗ ដែលអាចមើលឃើញជាសាធារណៈនៅតាមអគារ ទីធ្លាជាប់ដងផ្លូវធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងសោភ័ណភាពក្រុង។ ត្រួតពិនិត្យរាល់ការសាងសង់សំណង់គ្រប់ប្រភេទ និងការកែប្រែដី គ្រប់រូបភាព ត្រូវមានច្បាប់អនុញ្ញាតជាមុនសិន និងទប់ស្កាត់សំណង់អនាធិបតេយ្យ ដែលបម្រុងកើតមានក្នុងក្រុង ឱ្យបានទាន់ពេលវេលា។ ចំពោះរថយន្តធំៗហាមចតលើចិញ្ចើមផ្លូវ អធិការក្រុង និងចៅសង្កាត់ត្រូវតែណែនាំមិនឱ្យគាត់ចតបណ្ដាលឱ្យមានហានិភ័យ និងមានគ្រោះថ្នាក់ដល់អ្នកបើកបរ។ ចំណែកឯអ្នកលក់បន្លែផ្លែឈើនៅផ្សារចាស់សូមលក់ឱ្យមានរបៀបរៀបរយ ពិសេសទុកចន្លោះផ្លូវសម្រាប់អ្នកធ្វើដំណើរឱ្យមានសុវត្ថិភាពផងដែរ។

លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន បានបញ្ជាក់បន្ថែមទៀតថា ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៦ និងផ្លូវនានាក្នុងក្រុងស្ទឹងសែន ឱ្យបានរបៀបរៀបរយ និងមានសោភ័ណភាព។ រៀបចំកំណត់ចំណតរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូឌុប ម៉ូតូកង់បី ផាសអាប់ និងកន្លែងផ្ញើ កង់ ម៉ូតូ ឱ្យបានត្រឹមត្រូវ ហើយជំរុញការចូលចតតាមគោលដៅដែលបានកំណត់ និងរៀបចំឱ្យរថយន្តដឹកអ្នកដំណើរចូលចត និងចាប់ម៉ូយ នៅចំណតរថយន្តដែលបានកំណត់។ ចាត់វិធានការម៉ឺងម៉ាត់ចំពោះការលែង ឬចងសត្វពាហនៈ ពាសវាលពាសកាលក្នុងក្រុង ដោយផាកពិន័យ អន្តរកាលចំពោះម្ចាស់សត្វពាហនៈ ដែលមិនអនុវត្តតាមការណែនាំ ឬឈានដល់ការដកហូតក្នុងលក្ខខ័ណ្ឌ ម្ចាស់មិនចូលខ្លួនមកដោះស្រាយ។ ធ្វើការទប់ស្កាត់ មិនឱ្យមាន រថយន្តដឹកដី ដឹកខ្សាច់ កាកសំណល់មានក្លិនមិនល្អ ជ្រុះរាយប៉ាយតាមផ្លូវសាធារណៈ និងធ្វើកិច្ចសន្យាណែនាំ ឬឈានដល់ការផាកពិន័យអន្តរកាល ក្នុងករណីម្ចាស់មិនគោរពតាម ការណែនាំ។ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ រៀបចំទុកដាក់សំរាមមុខផ្ទះឱ្យបានត្រឹមត្រូវទៅតាមម៉ោងពេលដែល រដ្ឋបាលក្រុងបានកំណត់ទៅតាមបណ្តាផ្លូវ និងតាមតំបន់។ ទប់ស្កាត់ និងផាកពិន័យចំពោះ បទល្មើស នៃការដុតសំរាម និងវត្ថុផ្សេងៗ ដែលបង្កឱ្យមានផ្សែង ឬក្លិនមិនល្អ ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថានក្នុងក្រុង។ ចំពោះល្បែងស៊ីសងនិងបទល្មើសផ្សេងៗដែលកើតមាននៅក្នុងក្រុងស្ទឹងសែន ត្រូវតែចុះទប់ស្កាត់ជាបន្ទាន់ កុំមានសកម្មភាពបន្តទៅទៀត៕

ដោយ៖ សំនៀង

To Top