រដ្ឋមន្រ្តីសុខាភិបាល ជំរុញបុគ្គលិកសុខាភិបាលត្រូវតាំងចិត្ត ធ្វើការឱ្យក្លាយទៅជាវីរជនក្នុងមុខងារ
ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣ ១៣៨នាក់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឱ្យបុគ្គលិកសុខាភិបាលម្នាក់ៗត្រូវតាំងចិត្ត ធ្វើការឱ្យក្លាយទៅជាវីរជននៅក្នុងមុខងារ និងភារកិច្ចរបស់ខ្លួន។

ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនសារបានពីការរៀបចំគោលនយោបាយថ្មីស្តីពី អង្គសុខាភិបាល ដែលជាឯកសារគតិយុត្តិមួយផ្តល់តំលៃបន្ថែមជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ។

ទន្ទឹមនឹងគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យជ្រើសរើសបុគ្គលិកសុខាភិបាលក្នុងពេលខាងមុខ និងការដឹកនាំមន្រ្តីសុខាភិបាលដែលកំពុងបំរើការងារ ត្រូវធ្វើឡើងនៅក្នុងគោលដៅជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ អាចក្លាយទៅជាវីរជននៅក្នុងជំនាញរបស់បុគ្គលិកម្នាក់ៗ តាមរយៈការហ្វឹកហ្វឺន និងកែលម្អជាប្រចាំ។


សាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកចំណុចគន្លឹះ នៃការកសាងគុណភាពបុគ្គលិក រួមមាន៖ កសាងសមត្ថភាពបុគ្គលិកគ្រប់កម្រិត តាមរយៈធ្វើការផង រៀនផង និងរៀនពីអ្នកនៅជុំវិញផង និង រៀនពីកំហុសរបស់ខ្លួនឯងផង។ យកចិត្តទុកដាក់ដល់បុគ្គលិក តាមរយៈការគិតគូរពីសុខទុក្ខរបស់បុគ្គលិក ការបង្កើនសាមគ្គីភាពរវាងបុគ្គលិកដោយការជួយគ្នាទៅវិញទៅមក ។ កសាងគុណធម៌សម្រាប់បុគ្គលិកដោយឱ្យបុគ្គលិកបើកចិត្តទូលាយទទួលយកការកែលម្អឥរិយាបទរបស់គេ និងជំរុញឱ្យបុគ្គលិកធ្វើការសកម្មដើម្បីទទួលបានលទ្ធផលជាមួយនឹងធនធានដែលមានក្នុងដៃ៕







