ព័ត៌មានជាតិ

កម្ពុជា ត្រៀមខ្លួនស្វាគមន៍វិនិយោគិនអឺរ៉ុបបន្ថែមទៀត

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់សារជាថ្មីអំពីគោលជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វិនិយោគិនអឺរ៉ុបបន្ថែមទៀត ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យឡើងវិញលើកទី២ លើឯកសារគោលនយោបាយរបស់ EuroCham ស្តីពី “ការលើកកម្ពស់ប្រសិទ្ធភាព និងសមត្ថភាពប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ” នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ជាមួយនឹងការប្រកាសស្វាគមន៍នេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់ ។ ឯកឧត្តមបន្តថា ជាពិសេសតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា និងការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈពាក់ព័ន្ធ ឱ្យកាន់តែទំនើបនិងមានភាពបត់បែនខ្ពស់សម្រាប់ការធ្វើធុរកិច្ច។

បើតាមឧបនាយករដ្ឋមន្រ្តី កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាស៊ីជម្រៅលើចំណុចគន្លឹះៗ ក្នុងគោលដៅកែលម្អប្រសិទ្ធភាព និងសមត្ថភាពប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ តាមរយៈការកំណត់នូវវិធានការជាក់ស្តែងក្នុងរយៈពេលខ្លី ដើម្បីឆ្លើយតបទៅនឹងកំណើនការងារ និងប្រតិបត្តិការដែលកំពុងកើនឡើងនៅកំពង់ផែ , ការប្រកួតប្រជែងពីមជ្ឈមណ្ឌលផលិតកម្មនានានៅក្នុងតំបន់ និងតម្រូវការបន្ទាន់ចាំបាច់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពវិស័យភស្តុភារកម្មនៅកម្ពុជា។

សូមរំលឹកថា ឯកសារគោលនយោបាយ ស្តីពី “ការលើកកម្ពស់ប្រសិទ្ធភាព និងសមត្ថភាពប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ” នេះ ត្រូវបានរៀបចំ និងដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ជាលើកដំបូងកាលពីខែសីហា ឆ្នាំ២០២៥ សម្រាប់ការពិនិត្យបឋម និងផ្តល់ធាតុចូលបន្ថែម មុននឹងឈានមកដល់ការពិនិត្យឡើងវិញលើកទី២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ៕

To Top