ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំង លោក សោន ចាន់ដារ៉ា ជាអភិបាលរងក្រុងព្រះវិហារ ក្រោមអធិបតីភាព លោក  គីម រិទ្ធី អភិបាលខេត្ត

ព្រះវិហារ៖ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ លោក  គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង លោក សោន ចាន់ដារ៉ា ជាអភិបាលរងក្រុងព្រះវិហារ នៅសាលប្រជុំសាលាក្រុងព្រះវិហារ។

ការតែងតាំងនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងរដ្ឋបាលសាធារណៈនៅមូលដ្ឋាន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ។

លោក អភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក សោន ចាន់ដារ៉ា កន្លងមក ព្រមទាំងបានជំរុញឲ្យលោកអភិបាលរងថ្មី បន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ដោយអនុវត្តតាមគោលការណ៍ច្បាប់ និងមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់។

លោក សោន ចាន់ដារ៉ា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យុត្តិធម៌ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍក្រុងព្រះវិហារឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ៕

ដោយ៖ សួន ពិសិត| ព្រះវិហារ|ដើមអម្ពិល

To Top