ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ពីភាពរឹងមាំនៃមិត្តភាពដែកថែប កម្ពុជា-ចិន និងការប្តេជ្ញាពង្រីកសក្ដានុពល វិនិយោគ ជាមួយកិច្ចសហប្រតិបត្តិការ BRI

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសជូនភ្នាក់ងារសារព័ត៌មាន China News Service (CNS) ដែលជាស្ថាប័នព័ត៌មានរដ្ឋដ៏ធំមួយរបស់មហាមិត្តចិន ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្តើមនៃបទសម្ភាសន៍ លោកស៊ុន ចាន់ថុល ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសចំពោះ លោកប្រធានាធិបតី ស៊ី ជិនពីង ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (BRI)។ គំនិតផ្តួចផ្តើមនេះ បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់។

ពាក់ព័ន្ធនឹងស្ថានភាពពាណិជ្ជកម្ម និងវិនិយោគ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ចិននៅតែជាប្រភពទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជា។

លោកសង្កត់ធ្ងន់ថា៖ «កម្ពុជាស្វាគមន៍រាល់ការវិនិយោគស្របច្បាប់ពី គ្រប់បណ្តាប្រទេសទាំងអស់ ដោយគ្មានការរើសអើង» និងបានអំពាវនាវ ឱ្យវិនិយោគិនចិន ពិចារណាពិនិត្យលទ្ធភាព ក្នុងការបោះទុនវិនិយោគ នៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ដោយសារកម្ពុជាស្ថិតនៅចំណុចកណ្តាល នៃតំបន់ និងមានអត្ថប្រយោជន៍ លើកទឹកចិត្តជាច្រើនតាមរយៈច្បាប់វិនិយោគថ្មី។

សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើន ដែលជានឹងក្លាយជាកម្លាំងចលករជួយដល់សេដ្ឋកិច្ចមូលដ្ឋាន។ ក្នុងនាមជាឆ្នាំដែលប្រារព្ធ ខួបលើកទី៦៨ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន លោក ស៊ុន ចាន់ថុល បានរំលឹកពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ដែលត្រូវបានត្រួសត្រាយផ្លូវដោយ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន ហើយត្រូវបានបន្តពូនជ្រំយ៉ាងរឹងមាំដោយ សម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់បច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅពង្រឹង “មិត្តភាពដែកថែប” មួយនេះ ឱ្យកាន់តែស្ថិតស្ថេរជាអមតៈ។

លោក ស៊ុន ចាន់ថុល បានអះអាងជាថ្មីនូវជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រ “គោលនយោបាយចិនតែមួយ”។ បន្ថែមលើនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scamming) ដើម្បីធានានូវបរិយាកាសវិនិយោគ និងទេសចរណ៍ដ៏ស្រស់បំព្រង និងមានសុវត្ថិភាពនៅកម្ពុជា សម្រាប់គ្រប់ៗគ្នាទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគ៕

To Top