អាជ្ញាធរជាតិអប្សរា នឹងបិទបណ្តោះអាសន្ន នៅស្ពាន ហាល ខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំកម្មវិធី «សំណេរអង្គរ» លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ មករា
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា នឹងការបិទចរាចរណ៍បណ្តោះអាសន្ន នៅស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត ដើម្បីរៀបចំកម្មវិធី «សំណេរអង្គរ» លើកទី៣ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។

យោងតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា «អាជ្ញាធរជាតិអប្សរា នឹងបិទការធ្វើចរាចរណ៍ ជាបណ្តោះអាសន្ននៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ចំនួន០២ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធរៀបចំការប្រឡងប្រជែងសរសេរតាមអាន «សំណេរអង្គរ» លើកទី៣ ក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ»។
ក្នុងអំឡុងពេលនៃការបិទចរាចរណ៍ ខាងលើនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់ស្ពានបណ្តែតទឹក ជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត៕
