ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹកជាង ៥១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានពលរដ្ឋភៀសសឹក ២ ៩២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។

នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

បេីតាម ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។

ក្រសួង គូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក២.៩២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋាន វិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជាង៥សែន១ម៉ឺននាក់ បាន វិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៣៧.៧៧២នាក់ ក្នុងនោះស្ត្រីមាន ៧២.០៣៦នាក់ និងកុមារ៤៥.១៣០នាក់»៕

To Top