ព័ត៌មានជាតិ

មូលនិធិចិនសប្បុរសធម៌ Sany បន្តបង្កើនការរួមចំណែក ដល់ការងារ អភិវឌ្ឍ នៅជនបទកម្ពុជា

សៀមរាប ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ របស់មូលនិធិចិនសប្បុរសធម៌ Sany ចុះពិនិត្យសកម្មភាព ប្រើប្រាស់អេស្កាវាទ័រមួយគ្រឿង ដែលជាអំណោយ របស់ខ្លួន ជូនដល់ CMAC កាលពីខែមិថុនា ឆ្នាំ២០២៤ តាមរយៈសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា–ចិន ក្នុងការចូលរួមចំណែក ជាមួយមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) លើការងារសហប្រតិបត្តិការមនុស្សធម៌ និងរួមចំណែកដល់ការ អភិវឌ្ឍជនបទកម្ពុជា។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា ចាប់ពីឆ្នាំ២០២៣មក សមាគមបានដើរតួនាទី ជាស្ពានក្នុងការលើកទឹកចិត្ត ដល់សង្គមស៊ីវិលចិន ដោយមានមូលនិធិចិន សប្បុរសធម៌Sany  និងមូលនិធិចិនPeaceland បានរួមគ្នាបង្កើន សកម្មភាពជាមួយCMAC ក្នុងគោលបំណងបង្កើនកិច្ចសហការ លើការពង្រឹងសមត្ថភាព បច្ចេកទេសរបស់CMACក្នុងការកម្ចាត់មីន និង ជួយបង្កើនល្បឿននៃការបើកដីសុវត្ថិភាពសម្រាប់កសិកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជីវភាព ប្រជាពលរដ្ឋនៅតំបន់ជនបទ។

ក្នុងជំនួបដោយផ្ទាល់ជាមួយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកCMAC ចំនួន៣លើក គឺលើកទី១នៅខែឧសភា ឆ្នាំ២០២៤ លើកទី២ នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទី៣នៅខែមិថុនា ឆ្នាំ២០២៥ លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះ គ្រោះមហន្តរាយ នៃមូលនិធិចិន សប្បុរសធម៌Sany  បានរំលេចថា មូលនិធិចិនសប្បុរសធម៌ Sanyបានផ្តល់អំណោយអេស្កាវាទ័រមួយគ្រឿង ជូនដល់CMAC តាមរយៈកិច្ច សម្របសម្រួលពីសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ហើយដែលអំណោយនេះ បានបង្ហាញពីការរួមចំណែក របស់មូលនធិចិន សប្បុរសធម៌Sany ចំពោះការទទួលខុសត្រូវរួម ជាមួយសហគមន៍អន្តរជាតិ និងរួមចំណែកនៅក្នុងការងារ មនុស្សធម៌ផងដែរ។ នៅក្នុងពេលចុះពិនិត្យសកម្មភាព របស់ក្រុមការងារCMACប្រចាំអង្គភាពទី៤ នៅក្នុងខេត្តសៀមរាប កំពុងប្រើប្រាស់អេស្កាវាទ័រនេះ លោកស្រីបានបង្ហាញនូវចេតនាចំពោះទិសដៅអនាគត របស់មូលនិធិចិនសប្បុរសធម៌Sany ក្នុងការបន្តសកម្មភាពមនុស្សធម៌ ជាមួយCMAC ដោយផ្តោតលើការរួមចំណែកក្នុងការងារស្តារ និងអភិវឌ្ឍជនបទ ព្រមទាំងការធ្វើទំនើបកម្ម វិស័យកសិកម្មនៅតំបន់ជនបទ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួប នាពេលថ្មីៗជាមួយថ្នាក់ដឹកនាំCMAC សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានទទួលនូវការលើកទឹកចិត្ត បន្ថែមដល់ការចូលរួមចំណែក របស់សមាគមក្នុងកិច្ចសហការជាមួយបណ្តាសហគ្រាស ក្រុមហ៊ុន និងសង្គមស៊ីវិលរបស់ប្រទេសចិន ក្នុងការរួមចំណែកផ្គត់ផ្គង់ ឧបករណ៍ និងបច្ចេកវិទ្យាសមស្រប ការបណ្តុះបណ្តាល បច្ចេកទេស និងការគាំទ្រគម្រោងអភិវឌ្ឍន៍ ជាក់ស្តែងក្រោមកិច្ចសម្របសម្រួលពីCMACដើម្បីជួយដល់អង្គពាក់ព័ន្ធនានា ក្នុងកិច្ចបង្កើនផលិតភាពកសិកម្ម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជនបទឲ្យកាន់តែប្រសើរ ៕

To Top