ព័ត៌មានជាតិ

«ដំណើរត្រឡប់​ មកកាន់សន្តិភាព» ៖ តួនាទីរបស់ចិន ក្នុងការគាំទ្រកម្ពុជា និងថៃ ក្នុងការស្តារ ទំនុកចិត្តឡើងវិញ

«ក្នុងនាម ជាប្រទេសជិតខាង របស់អាស៊ាន និងជាមិត្តដ៏ជិតស្និទ្ធ របស់អាស៊ាន» ប្រទេសចិន ដែលបានក្លាយជាដៃគូសន្ទនា និង ជាដៃគូ ដ៏ជិតស្និទ្ធរបស់អាស៊ាន តាំងពីឆ្នាំ១៩៩១ មក បានយល់ច្បាស់ណាស់ថា ការប្រឈមមុខ នឹងវិវាទព្រំដែនរវាងកម្ពុជា និងថៃ ដែលបានរំខានសន្តិសុខ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននាំឱ្យមានការភ័យខ្លាច ការបាត់បង់ជីវិត និងការផ្លាស់ទីរបស់ជនភៀសសឹក រាប់សែននាក់។ ក្នុងបរិបទនេះ ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងនាមជាអ្នកគាំទ្រ ការស្តារទំនុកចិត្ត និងសន្តិភាពឡើងវិញ រវាងទាំងពីរប្រទេសទាំងពីរ កម្ពុជានិងថៃ ដោយប្រទេសចិន ចូលរួមដោយផ្ទាល់ពាក់ព័ន្ធនឹងការ សម្របសម្រួល ការសង្កេតការណ៍ ការជជែកដោះស្រាយវិវាទ ដោយសន្តិភាព រួមទាំងការផ្តល់ទីតាំង សម្រាប់ការចរចារផ្លូវការជាមួយគ្នា ។ ជាក់ស្តែង នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសចិនបានដើរតួនាទី ជាអ្នកសង្កេតការណ៍ លើបទឈប់បាញ់ ហើយលើកទឹកចិត្តដល់សមភាគីទាំងពីរ កម្ពុជានិងថៃ រួមគ្នាពិភាក្សាឈរលើ គោលការណ៍មិត្តភាព និងសហប្រតិបត្តិការ ។

«ក្នុងនាមជាអ្នកផ្តួចផ្តើម និងជាប្រតិបត្តិករដ៏សកម្មលើកិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ» ប្រទេសចិនបានតាមដាន និងបានទទូចដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ) នៅក្នុងការរក្សាភាពអត់ធ្មត់ និងទទួលយកយន្តការសម្របសម្រួល ទាំងក្នុងកម្រិតទ្វេភាគី កម្រិតអាស៊ាន និងកម្រិតតំបន់ដោយប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមយ៉ាងសកម្មក្នុងដំណើរការបន្ថយតានតឹង និងសម្រាប់ការបញ្ឈប់ការ ប្រើប្រាស់កម្លាំងយោធា ។ នៅក្នុងស្ថានភាពនៃការប៉ះទង្គិចគ្នា ប្រទេសចិនបានអំពាវនាវជាប់ជានិច្ច ហើយចិន បានប្រើប្រាស់នូវយន្តការ តាមបែបផែនរបស់ខ្លួន ជាក់ស្តែង ថ្លែងក្នុងជំនួបទល់មុខខាងក្រៅកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៥ នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិន បានប្រាប់ទៅលោកប្រធានាធិបតីអាមេរិកថា ប្រទេសចិន ក៏បានចូលរួមចំណែក តាមវិធីផ្ទាល់ខ្លួន ជួយដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃដែរ។ ប្រទេសចិនតែងបានផ្តល់តម្លៃខ្ពស់ចំពោះការថែរក្សាសន្តិភាព និងបង្កើនការអភិវឌ្ឍ ដោយជំរុញកំណើនពាណិជ្ជកម្មរវាងចិននិងអាស៊ាន ព្រមទាំងក្របខណ្ឌទ្វេភាគីដូចជាចិននិងកម្ពុជា ចិននិងថៃ ជាដើម។

«ក្នុងនាមជាអ្នករួមចំណែកថែរក្សាសន្តិភាព និងជាគោរពយ៉ាងខ្ជាប់ខ្ជួនធម្មនុញ្ញ អង្គការសហប្រជាជាតិ» ប្រទេសចិន ដែលពោរពេញដោយហ្សែនសន្តិភាព និយមបានប្រកាសគាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ និងគាំទ្រដល់យន្តការសង្កេតការណ៍ របស់អាស៊ាន លើបទឈប់បាញ់ដែលដឹកនាំដោយម៉ាឡេស៊ី។ ក្នុងបរិបទនេះ ការគាំទ្រ ឥតងាករេរបស់ប្រទេសចិនបានក្លាយជាកតាលីករកាន់តែខ្លាំងបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅ ក្នុងតំបន់ និងពិភពលោក ដោយផ្តើមចេញ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ធានារកបានដំណោះស្រាយរួមមួយ ដោយនាំយកនូវភាតរភាព វិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញ នៃទំនាក់ទំនងល្អរវាងកម្ពុជានិងថៃ ។ ជាញឹកញាប់ ក្រុមការងាររបស់ស្ថានទូតចិន ប្រចាំកម្ពុជា បានចុះទៅពិនិត្យផ្ទាល់ដល់ស្ថានភាពជាក់ស្តែង នៅព្រំដែន ទាំងក្នុងកម្រិតអនុព័ន្ធយោធា និងទាំងកម្រិតឯកអគ្គរដ្ឋទូត ដើម្បីធ្វើឱ្យប្រាកដថា ដំណើរការវិលត្រឡប់មកកាន់ស្ថានភាពសន្តិភាព វិបុលភាព និងសុខដុមភាព រវាងប្រជាជាតិសមភាគីទាំងពីរ (កម្ពុជានិងថៃ)។

«ក្នុងនាមជាអ្នកសម្របសម្រួល និងជាអន្តរការីការទូតប្រកបដោយឥទ្ធិពល» ប្រទេសចិនបានដើរតួនាទីកាន់តែសកម្មជាងមុន ដោយចាប់ពីថ្ងៃទី១៨ ដល់ទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក Deng Xijun ប្រេសិតពិសេសសម្រាប់កិច្ចការអាស៊ី នៃក្រសួងការបរទេសចិន បានធ្វើដំណើរមកកម្ពុជានិងថៃ ដើម្បីនាំយកស្ថានភាពល្អប្រសើរជូនដល់ប្រទេសទាំងពីរ ក្រោយពេលស្ថានភាពព្រំដែន បានប្រែជាស្រអាប់ឡើងវិញនៅដើមខែធ្នូ ឆ្នាំ២០២៥ រហូតឈានដល់ការប្រយុទ្ធគ្នាជាថ្មី្មម្តងទៀត ។ «អាទិភាពបន្ទាន់បំផុត គឺការសម្រេចឲ្យបានបទឈប់បាញ់ភ្លាមៗ បញ្ឈប់ការប្រយុទ្ធ និងការបន្តការសន្ទនា ដើម្បីដោះស្រាយជម្លោះព្រំដែន តាមរយៈមធ្យោបាយសន្តិភាព» ជាក្តីបំណងរបស់ប្រទេសចិន ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងគាំទ្រតួនាទីសំខាន់ របស់ក្រុមសង្កេតការណ៍ អាស៊ានក្នុងការតាមដានបទឈប់បាញ់ ហើយប្រទេសចិននៅបន្តជំហានរបស់ខ្លួន ជាពីមួយដំណាក់កាល ទៅដំណាក់កាលបន្តបន្ទាប់ ដើម្បីធានានាំយកវិបុលភាពជូនដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ)។ ដោយផ្តើមចេញពីរបត់នេះ បទឈប់បាញ់ជាបន្ទាន់មួយ ត្រូវបានលេចចេញ ជារូបរាង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជានិងថៃ ដោយមានប្រទេសចិនបន្តកិច្ចខិតខំ របស់ខ្លួនលើវិស័យ ការទូត ហើយជាលទ្ធផលជំនួបត្រីភាគីរបស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសកម្ពុជា-ប្រទេសចិន-ប្រទេសថៃ ត្រូវបានរៀបចំឡើង នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ។

«ក្នុងនាមជាអ្នកនាំសារសន្តិភាព និងជាមិត្តដ៏គួរឱ្យទុកចិត្ត» ប្រទេសចិន បានបន្តការពិភាក្សាពីសន្តិភាព ដែលជាមូលដ្ឋានសម្រាប់សមភាគីទាំងពីរ ទទួលយកប្រទេសចិន ក្នុងនាមជាអ្នកជួយសម្របសម្រួល ជាមិត្តល្អ និងជាអ្នកជិតខាង ដែលផ្តល់គុណតម្លៃ ដល់ប្រសិទ្ធភាព នៃយន្តការការទូតសន្តិភាព ដោយប្រទេសចិនបានរំលេចពីការអនុវត្តវិធីសាស្ត្រ សម្របសម្រួលដែលមិនបង្កការរំខាន មិនប្រកួតប្រជែង និងមិនមានលក្ខណៈអធិបតេយ្យនិយម ក្នុងការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយបានបង្ហាញជាសាធារណៈ ក្រោយជំនួបរួមគ្នារបស់រដ្ឋមន្ត្រីការបរទេសប្រទេស កម្ពុជា-ប្រទេសចិន-ប្រទេសថៃ ដែលនេះជាឥរិយាបថឆ្លុះបញ្ចាំង ពីគុណតម្លៃរបស់ប្រទេសចិន ក្នុងនាមជាប្រទេសមហាអំណាចមួយ ដែលមានទំនួលខុសត្រូវខ្ពស់ លើកិច្ចកសាងសហគមន៍ ដែលមានវាសនារួមគ្នា នៃមនុស្សជាតិ ដោយតាមរយៈនេះ យើងក៏ឃើញពីលទ្ធផលល្អប្រសើរដែលប្រទេសកម្ពុជាទទួលបានត្រឡប់មកវិញនូវវីរៈកងទ័ពទាំង១៨រូបរបស់ខ្លួន ស្របទៅនឹងយន្តការនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ទាំងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងទាំងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសចិន។ ភ្លាមៗ ស្របពេលជំនួបត្រីភាគី ទើបបិទបញ្ចប់ នៅថ្ងៃដដែល គឺថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ប្រទេសចិនគឺជាប្រទេសដំបូងគេ ជួយដល់ជនភៀសសឹកកម្ពុជា ដែលបានផ្តល់ជំនួយមនុស្សធម៌លើកទី១មកដល់កម្ពុជា និងបន្តផ្តល់ជំនួយមនុស្សធម៌លើកទី២នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ។

ជារួមនៅក្នុងដំណោះស្រាយបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០២៥កន្លងមក ប្រទេសចិន បានដើរតួនាទីនៅក្នុងកម្រិតសកល និងទទួលខុសត្រូវ ក្នុងនាមជាមហាអំណាចនៅក្នុងតំបន់ ដោយគោរពបានគុណតម្លៃរួមរបស់តំបន់និងពិភពលោកក្នុងការលើកទឹកចិត្តដល់សមភាគីទាំងពីរ (កម្ពុជា-ថៃ)ទទួលនិងអនុវត្ត ឱ្យមានស័ក្តិសិទ្ធិភាព លើការកសាងសន្តិភាព និងថែរក្សាសន្តិភាពឱ្យយូរអង្វែង ហើយធានាជូនសមភាគីទាំងពីរ ក្នុងការពិភាក្សា និងសហការជាដៃគូរួមគ្នា ដើម្បីស្ថាបនាទំនុកចិត្តរវាងគ្នា និងគ្នាឡើងវិញ ហើយតាមរយៈការចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងការគាំទ្រការចរចារដោយសន្តិភាព ដោយមានប្រទេសចិន ជាអន្តរការីដ៏មានឥទ្ធិពល នោះតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសទាំងប្រទេសកម្ពុជា និងទាំងប្រទេសថៃ នឹងខិតខំរួមគ្នាបន្តការស្តារទំនុកចិត្ត និងរួមគ្នាថែរក្សាគុណតម្លៃនៃសន្តិភាព ដើម្បីវិបុលភាពរួមសម្រាប់ប្រទេសទាំងពីរ និយាយដោយឡែក សម្រាប់អាស៊ាន និងពិភពលោកនិយាយរួម ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន

To Top