អាជ្ញាធរភ្នំពេញ ដំណើរការរៀបចំបោសសំអាតអនាម័យ និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធផ្លូវនានា ជុំវិញផ្សារដើមគ
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ សំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលេីផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវ ជុំវិញផ្សារដើមគ វិលត្រឡប់មកបន្តលក់ដូរយ៉ាងអណាធិបតេយ្យដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ ។

យោងតាមលោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានគូសបញ្ជាក់ទៀតថា អ្វីដែលអាជ្ញាធរ កំពុងតែអនុវត្ត ជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងស្តារឡើងវិញ នូវសោភ័ណ្ឌភាព ជុំវិញផ្សារដើមគនាពេលនេះ បាននិងកំពុងទទួលបាន ការសាទរយ៉ាងច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងរាជធានីភ្នំពេញ ។

បន្ថែមលើនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី អ្នកនាំពាក្យ បានអំពាវនាវដោយទទូច ឱ្យអាជីវករមួយចំនួនតូចលក់ដូរតាមចិញ្ចើមផ្លូវ និងលើផ្លូវជុំវិញផ្សារដើមគរ ដែលនៅមិនទាន់ទទួលយក នូវការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញ សម្រេចមកទទួលយក តាមអ្វីដែលបានព្រមព្រៀងគ្នាទៅ ដើម្បីចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការកែលម្អរសោភ័ណ្ឌភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញ ទទួលបានចំណាប់ថ្នាក់ ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុត ក្នុងចំណោមទីក្រុងធំៗទាំង២០ជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាត ឱ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលេីដងផ្លូវ ចិញ្ចើមផ្លូវ នៅតំបន់ ជុំវិញផ្សារដើមគទៀតទេ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦តទៅ ៕









ដោយ៖ ដារាត់| ដើមអម្ពិល
