កម្ពុជាបន្តគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី និងវិធានការតាមយន្តការតំបន់ តាមធម្មនុញ្ញ អសប
សរអ៖ លោក កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់លើប្រធានបទ “ធម្មនុញ្ញអង្គការសហប្រជាជាតិនៅខួបទី៨០ ឆ្នាំ៖ ការគិតគូរឡើងវិញអំពីការទប់ស្កាត់ និងដោះស្រាយជម្លោះ” ដែលរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍ប៉ាគីស្ថាន នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍ តំណាងអចិន្ត្រៃយ៍ បានលើកឡើងថា ការរំលោភបំពានលើអធិបតេយ្យរបស់រដ្ឋ ការឈ្លានពាននិងកាន់កាប់បូរណភាពទឹកដី ព្រមទាំងការអនុវត្តច្បាប់អន្តរជាតិដោយមិនស្មើភាព នៅតែបន្តកើតមានដោយមិនថមថយឡើយ។ នេះតាមហ្វេសប៊ុករបស់តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃអាទិត្យ ទី១៨ ខែមករា។
លោក ក៏បានគូសបញ្ជាក់ថា ក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ កម្ពុជាបន្តគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី និងវិធានការតាមយន្តការតំបន់ ដូចដែលមានចែងក្នុងជំពូកទី VI និងជំពូកទី VIII នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕

