ក្រសួងបរិស្ថាន បដិសេធការចុះផ្សាយ របស់កាសែត The Nation របស់ថៃ បានលើកឡើងថា ការបំពុលខ្យល់នៅ ទីក្រុងបាងកក មានប្រភពមកពីភ្លើង ឆេះនៅកម្ពុជា
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងអត្ថបទ ដែលមានចំណងជើងថា «វិបត្តិ នៃការកើនឡើង កម្រិតភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺជាការរួមចំណែកពីភ្លើងឆេះដែលកើតឡើង នៅក្នុងប្រទេសកម្ពុជា (Bangkok Suffocates in PM 2.5 as Cambodia’s Fires Contribute to Crisis) ដែលបានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា «ការបំពុលខ្យល់នៅទីក្រុងបាងកក គឺមានការរួមចំណែកសំខាន់ពីភ្លើងឆេះ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថាន នាពេលថ្មីៗនេះ ថា ក្រសួងបរិស្ថាន បានផ្តល់ការបំភ្លឺដល់ ស្ថាប័នសារព័ត៌មាន ជា ពិសេសសារព័ត៌មាន The Nation និងសាធារណជនជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវការ យល់ដឹងត្រឹមត្រូវ និងស្ថានភាពនៃការបំពុលខ្យល់នៅក្រុងបាងកក ដោយផ្អែកលើភស្តុតាងបច្ចេកទេស និងលក្ខខណ្ឌឧតុនិយម ដូចជា៖
ទី១- ការបំពុលខ្យល់ដោយការកើនឡើង កំហាប់ភាគល្អិតនិចល PM2.5 នៅទីក្រុងបាងកក គឺកើតឡើងដោយប្រភពក្នុងស្រុក ជាចម្បង ដូចជាការបំភាយពីការដឹកជញ្ជូន ដោយក្នុងនោះទីក្រុងបាងកកមាន ចំនួនយានយន្ត និងសកម្មភាពចរាចរណ៍មមាញឹកខ្លាំងការបំភាយពីសកម្មភាពឧស្សាហកម្ម ធូលីពីការដ្ឋានសំណង់ និងការប្រើប្រាស់ថាមពលក្នុងទីក្រុង។ ប្រភពទាំងនេះរួមផ្សំជាមួយនឹងលក្ខខណ្ឌឧតុនិយមក្នុងស្រុកដែលមិនអំណោយផល ដូចជាបាតុភូតបញ្ច្រាស់សីតុណ្ហភាព (Temperature inversion) និងការធ្លាក់ចុះរយៈកម្ពស់បរិយាកាសខាងក្រោម (low atmospheric mixing height) ដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យសារធាតុបំពុលដែលមានប្រភពក្នុងស្រុកប្រមូលផ្តុំ និងមានការកើនឡើងបង្កការបំពុលបរិយាកាសនៅក្នុងទីក្រុង បាងកក។
ទី២- យោងតាមលទ្ធផលស្ថានីយ តាមដានត្រួតពិនិត្យ គុណភាពខ្យល់នៅជិតព្រំដែនកម្ពុជា-ថៃ កំហាប់ PM2.5 មានការកើនឡើងលើស ស្តង់ដារបន្តិច (ក្នុងកម្រិតសន្ទស្សន៍ព័ណលឿង) ។ ប៉ុន្តែនេះមិនមានន័យថា ខ្យល់ពីប្រទេសកម្ពុជា ទៅបំពុលទីក្រុងបាងកក នោះទេដោយហេតុថា (១) កម្ពុជាកំពុងទទួលរបបខ្យល់ មូសុងប្រាំងដែលមានទិសដៅ ខ្យល់បក់ពីទិសខាងជើង មកត្បូង មានន័យថាទិសខ្យល់បក់ទៅឈូងសមុទ្រ ដូចបង្ហាញនៅក្នុងផែនទីទិសខ្យល់ របស់មជ្ឈមណ្ឌលឧតុនិយមអាស៊ាន (ASMC) (២) អំឡុងពេលដែលទីក្រុង បាងកក ជួបប្រទះបញ្ហាបំពុលខ្យល់ កម្ពុជាបាននិងកំពុងជួបប្រទះលក្ខខណ្ឌ អាកាសធាតុមិនអំណោយផលដូចគ្នា ដូចជាការជួបប្រទះនឹងខ្យល់ត្រជាក់ស្ងប់ ដែលជាកត្តាយ៉ាងសំខាន់ ធ្វើឱ្យការ បក់យកភាគល្អិតនិចល មិនបានរយៈចម្ងាយឆ្ងាយពោល មិនអាចទៅដល់ទីក្រុងបាងកកបានឡើយ៕
