ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃចន្ទទី១៩ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង នាយ/នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង៧ និងលោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល។

លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ បានអានរបាយការណ៍ដោយឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ក្នុងការអនុវត្តតួនាទីស្នូលទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងារសេវាសាធារណៈ ជាលទ្ធផល ក្នុងខែមករា ឆ្នាំ២០២៦ នេះ អាត្រាបទល្មើសគ្រប់ប្រភេទមានការថយចុះគួរឲ្យកត់សម្គាល់ ។ នេះជាសក្ខីភាពបញ្ជាក់ថា វិធានការណ៍បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាគ្រឿងញៀន ល្បែងស៊ីសង បានដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ។

ក្រោយបានស្តាប់ការអានរបាយការណ៍ និងមតិចូលរួមរបស់លោកស្នងការង លោកនាយការិយាល័យជំនាញ និងលោកអធិការរួមមក លោកឧត្តមសេនីយ៍ទោ ស ថេង បានថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងនគរបាលទាំងអស់ ដែលបានបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

លោកស្នងការក៏បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនសម្រាប់អនុវត្តបន្តក្នុងខែកុម្ភៈ ឆ្នាំ២០២៦ បន្តពង្រឹងការងារល្បាត ទាំងពេលយប់ ទាំងពេលថ្ងៃ នៅតាមគោលដៅសំខាន់ៗ និងតំបន់ប្រឈម ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ បន្តបង្ក្រាបឲ្យបានដាច់ខាត នូវបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើស Scam Online ព្រមទាំងទប់ស្កាត់សកម្មភាពក្មេងទំនើង តាមដានមុខសញ្ញាចេញពីពន្ធនាគារ ជម្រុញ្ឲ្យលោកអធិការក្រុង ស្រុកចុះធ្វើអត្តសញ្ញាណប័ណ្ណដល់សិស្សានុសិស្សតាមសាលារៀន តាមដានការបង្ហោះត្រូនស៊ើបការណ៍ពេលយប់របស់បក្សប្រឆាំង រឺក្រុមជ្រុលនិយម បន្តផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនិងការប្រើប្រាស់ផ្លូវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងបន្ថែម ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ បន្តយកចិត្តទុកដាក់ លើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស បន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ សង្កាត់ មានសុវត្ថិភាព។

លោកឧត្តមសេនីយ៍ទោ ស ថេង បានសង្កត់ធ្ងន់ថា កម្លាំងនគរបាលគ្រប់រូបត្រូវបន្តគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់កិត្តិយសរបស់នគរបាលជាតិ និងត្រូវថែរក្សា អនាម័យបរិស្ថាន នៅតាមអង្គភាព ៕

អត្ថបទនេះ÷ ស្នងការនគរបាល
ខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top