ព័ត៌មានជាតិ

មន្ទីរពិសោធន៍ ជីវសុវត្ថិភាពកម្រិត៣ ជាសសរស្តម្ភសំខាន់ ក្នុងការពង្រឹងជីវសុវត្ថិភាព និងសន្តិសុខ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា មន្ទីរពិសោធន៍ជីវសុវត្ថិភាពកម្រិត ៣ (BSL-3) គឺជាសសរស្តម្ភសំខាន់ ក្នុងការពង្រឹងជីវសុវត្ថិភាព និងសន្តិសុខ ស្របតាមស្តង់ដាអន្តរជាតិ ។
ការលើកឡើង របស់សាស្រ្តាចារ្យ ឈាង រ៉ានេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពិសោធន៍ និងបន្ទប់ពិសោធន៍ជីវសុវត្ថិភាពកម្រិត ៣ (BSL-3) នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅព្រឹកថ្ងៃ១៩ មករា ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មន្ទីរពិសោធន៍ BSL-3 នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ជាទ្រព្យសម្បត្តិសំខាន់របស់ជាតិ ដែលត្រូវថែរក្សាឱ្យមានដំណើរការល្អ និងជាការបើកទំព័រថ្មីមួយ បង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការតាមដាន និងការអង្កេតការផ្ទុះជំងឺ ការតាមដានមេរោគស៊ាំ នឹងឱសថប្រឆាំងមេរោគ និងការស្រាវជ្រាវអនុវត្ត ដែលអាចផ្តល់ជាភស្តុតាងវិទ្យាសាស្រ្តជាក់លាក់ សម្រាប់ការកំណត់គោលនយោបាយ និងការធ្វើអន្តរាគមន៍ផ្សេងៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

រដ្ឋមន្រ្តីបន្តថា វត្តមានមន្ទីរពិសោធន៍ BSL-3 នឹងចូលរួមយ៉ាងសកម្ម ក្នុងបណ្តាញមន្ទីរពិសោធន៍ថ្នាក់ជាតិ តំបន់ និងអន្តរជាតិ តាមរយៈការពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការចែករំលែកព័ត៌មាននេះ នឹងជាគ្រឹះសំខាន់ សម្រាប់ការត្រៀមខ្លួនរបស់កម្ពុជា ចំពោះការឆ្លើយតបនឹងស្ថានការណ៍អាសន្ន សុខភាពសាធារណៈនាពេលអនាគត។

ក្នុងឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរពិសោធន៍ទាំងអស់ ចូលរួមថែរក្សា និងពង្រឹងសមត្ថភាពផ្នែកមន្ទីរពិសោធន៍ ដោយ ត្រូវត្រួតពិនិត្យ គុណភាពប្រើប្រាស់ និងការថែទាំឱ្យបានត្រឹមត្រូវ , ផ្ទៀងផ្ទាត់ជាមួយអ្នកជំងឺ នៃការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជាមួយនឹងមន្ទីរពេទ្យ , ត្រូវមានគុណភាពខ្ពស់ និងស្តង់ដា ភាពត្រឹមត្រូវ និងទាន់ពេលវេលា។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ជាមួយគ្នានេះ មន្ទីរពិសោធន៍ត្រូវបង្កើនវិសាលភាពឱ្យកាន់តែទូលំទូលាយ ក្នុងការបម្រើសេវាផ្នែកមន្ទីរពិសោធន៍ ដើម្បីធានាបានគុណភាព សុវត្ថិភាព រហ័សទាន់ពេលវេលា វិភាគឱ្យបានគ្រប់ប្រភេទ និងមានតម្លៃសមរម្យ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អគារមន្ទីរពិសោធន៍ជីវសុវត្ថិភាពកម្រិត៣នេះ មានកំពស់ ៤ជាន់ មានប្រវែងបណ្តាយ ៤០.៩ម៉ែត និងទទឹង១៥.៤ម៉ែត្រ សាងសង់លើផ្ទៃដី ២៤១៩.៤ម៉ែត្រការ៉េ ស្ថិតនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ នៅតាមជាន់នីមួយៗ មានបន្ទប់សំខាន់ៗ ដូចជា៖ ជាន់ផ្ទាល់ដី មាន ៧បន្ទប់ គឺបន្ទប់ការិយាល័យ, ឃ្លាំង, បន្ទប់ចំរោះមេរោគ, បន្ទប់គ្រប់គ្រងសំពាធអវិជ្ជមាន បន្ទប់ស្រាវជ្រាវ និងបន្ទប់Freezer Farm ។ ជាន់ទី១ មាន៦បន្ទប់៖ បន្ទប់ការិល័យ, បន្ទប់សំពាធអវិជ្ជមានកម្រិត៣, បន្ទប់ពិសោធន៍ និងបន្ទប់សម្លាប់មេរោគ ។ ជាន់ទី២ មាន៨បន្ទប់៖ ការិយាល័យ និងបន្ទប់ប្រជុំ និងជាន់ទី៣៖ បន្ទប់ប្រជុំ និងសាលប្រជុំ៕

To Top