គិតត្រឹមដំណាច់ឆ្នាំ២០២៥ អតីតពលករខ្មែរ មកពីថៃជាង ៦២ម៉ឺននាក់ ទទួលបានការងារ
ភ្នំពេញ៖ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃ៦២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈយុទ្ធនាការ របស់ក្រសួង និងភាគីពាក់ព័ន្ធ ខណៈដែលឱកាសការងារ នៅមានប្រមាណជិត៩ម៉ឺនកន្លែងបន្ថែមទៀត ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ។

លោក ស៊ុន មេសា បានបញ្ជាក់ថា ក្នុងការទទួលបានឱកាសការងារប្រមាណ៦២ម៉ឺននាក់ មានជាង៣០ម៉ឺន ឱកាសការងារ គឺទទួលបានរយៈយន្តការ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ជាមួយគ្នានេះ លោក ស៊ុន មេសា ថា៖ “ក្រសួងដាក់ចេញវិធានការសំខាន់ៗចំនួន៤ដំណាក់កាល ដែលក្រសួងបានដាក់ចេញចាប់តាំងពីថ្ងៃទី៨ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥តាំងពីការទទួលពលករនៅតាមបន្ទាត់ព្រំដែន រហូតដល់គេហដ្ឋាន របស់អតីតពលករដើម្បីផ្តល់ឱកាសការងារ និងដើម្បីដោះស្រាយបញ្ហាជីវភាពរបស់បងប្អូនអតីតពលលករ ក្រសួងបានរៀបចំវេទិកាការងារ ក៏ដូចជា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៥៧៩លើកនៅតាមភូមិឃុំក្នុងខេត្តសំខាន់ៗ តាមគោលដៅសំខាន់ៗ”។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា វិស័យឧស្សាហកម្ម កសិកម្ម-កសិឧស្សាហកម្ម និងសេវាកម្ម គឺជាវិស័យដែលបានស្រូបកម្លាំងពលកម្មច្រើនជាងគេ។ ក្រៅពីឱកាសការងារជាង៦២ម៉ឺននាក់ អតីតពលកររាប់សិបម៉ឺននាក់ផ្សេងទៀត បានងាកទៅប្រកបរបរកសិកម្មតាមគ្រួសារ និងបង្កើតមុខរបរតូចតាចនៅតាមមូលដ្ឋានផងដែរ។ នេះបើតាមលោក ស៊ុន មេសាដដែល។

សូមបញ្ជាក់ថា គិតត្រឹមខែធ្នូឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ និងអតីតពលករប្រមាណ ជាង៩៥ម៉ឺននាក់បានវិលត្រឡប់មកកម្ពុជាវិញ ក្រោយអរិយភាពតាមព្រំដែនរវាងកម្ពុជា និងថៃ និងស្របតាមការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងឱកាសការងារ ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងស្រុក លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់អតីតពលករដទៃទៀតដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ដើម្បីទទួលបានឱកាសការងារក្នុងស្រុកជាជាងការប្រថុយប្រថានធ្វើការចំណាកស្រុកនៅប្រទេសថៃដែលមិនមានអត្ថប្រយោជន៍ដ៏សម្បូរបែបដូចនៅកម្ពុជានោះទេ៕
