កម្ពុជា-ឥណ្ឌូនេស៊ី បន្តពង្រឹងកិច្ចប្រតិបត្តិការ ប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ ភាគីកម្ពុជា និងឥណ្ឌូនេស៊ី បានបន្តកិច្ចសហប្រតិបត្តិការ ពង្រឹងបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។
ការប្តេជ្ញាបន្តកិច្ចសហការនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា រវាងលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃទី១៩ ខែមករា ។

លោក ឆៃ ស៊ីណារិទ្ធ គូសបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយឥណ្ឌូនេស៊ី ជាពិសេសលើកិច្ចការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានកាន់ជិតស្និទ្ធបន្ថែមទៀត ។ ទន្ទឹមនោះ លោកបានជម្រាបពីជំហរ និងវិធានការយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនីតិវិធី លើមេក្លោង ក៏ដូចជាការបង្រ្កាប និងបោសសម្អាត បណ្តាញឧក្រិដ្ឋជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាពីប្រទេសកម្ពុជា ។
ជាកិច្ចឆ្លើយតប ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ ចំពោះសមត្ថកិច្ចកម្ពុជា ដែលតែងយកចិត្តទុកដាក់ផ្តល់កិច្ចសហការ ក្នុងការជួយសង្គ្រោះ និងសម្របសម្រួលនីតិវិធីបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីត្រឡប់ទៅប្រទេសកំណើតវិញ ។ ឯកអគ្គរដ្ឋទូត បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ក្នុងការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកបញ្ជាក់ជាថ្មីថា ទោះបីជាបេសកកម្មការទូត របស់លោកត្រូវបានបញ្ចប់ក្តី ក៏ប៉ុន្តែស្ថានទូតឥណ្ឌូនេស៊ី បន្តតាំងចិត្តក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា សំដៅធ្វើយ៉ាងណា រួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព៕
