ព័ត៌មានជាតិ

ពិរុទ្ធជនជួញដូរគ្រឿងញៀន ០២នាក់ ត្រូវនគរបាលស្រុកបវេល ចាប់ខ្លួនតាមដីកាតុលាការខេត្តបាត់ដំបង

បាត់ដំបង៖ ពិរុទ្ធជនចំនួន ០២នាក់ ដែលពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៥ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបវេល ធ្វើការចាប់ខ្លួនអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ០០នាទី។

ការចាប់ខ្លួននេះបានធ្វើឡើងនៅចំណុចភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម និងចំណុចភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់របស់ លោក សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ប្រតិបត្តិការនេះដឹកនាំដោយ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ដោយបានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនចេញដោយចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង។

ពិរុទ្ធជនទាំង ០២នាក់រួមមាន៖
១- ឈ្មោះ យ៉ាន សុភាថ (ហៅ ឃៀវ) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
២- ឈ្មោះ ផុន រតនា (ហៅ ធេក ឬ កាថេក) ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ជនទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅស្រុកបវេល ខេត្តបាត់ដំបង កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៥។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបវេល បានរៀបចំបញ្ជូនពិរុទ្ធជនទាំងពីរនាក់ ទៅកាន់ផែនជំនាញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​/បាត់ដំបង​/ដើមអម្ពិល

To Top