ព័ត៌មានជាតិ

ពុំមានការយកថ្លៃសំបុត្រ ២៥០០០រៀល ចូលទស្សនាសារមន្ទីរទួលស្លែងទេ

ភ្នំពេញ ៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងប្រកាសថា ពុំមានការយកថ្លៃសំបុត្រមួយសន្លឹក២៥០០០រៀល ចូលទៅទស្សនានៅក្នុងសារមន្ទីរទួលស្លែងទេ ។

ការចេញមកបដិសេធនេះ បន្ទាប់ពីមានករណីបង្ហោះព័ត៌មានមិនពិតលើបណ្ដាញសង្គមហ្វេសប៊ុកដោយលោក ហែម សោភ័ន្ត ។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ “មនុស្ស និងធម្មជាតិ” ដែលមានម្ចាស់គណនីឈ្មោះ ហែម សោភ័ន្ត ជាមគ្គុទេសក៍ទេសចរណ៍ បានបង្ហោះមាតិកាមួយពីតម្លៃសំបុត្រចូលទស្សនាសារមន្ទីរទួលស្លែងនិងចោទប្រកាន់ថា សារមន្ទីរគិតតម្លៃសំបុត្រ១ ស្មើនឹង២,៥០០០ រៀល។
ខ្លឹមសាររបស់ម្ចាស់អាខោននេះ លើកឡើងថា “សំបុត្រ១មានតម្លៃ៥ដុល្លារ ប៉ុន្តែបើគិតជាលុយ២ម៉ឺនហើយ ត្រូវថែម៥ពាន់រៀលទៀត។ ហេតុនេះ ២សំបុត្រ១០ដុល្លារ តែគិតជាលុយខ្មែរគឺអស់៥ម៉ឺនរៀល”។

ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ សារមន្ទីរពិនិត្យឃើញថា មិនមានការយកតម្លៃដូចការចោទប្រកាន់របស់លោក ហែម សោភ័ន្ត នោះទេ។

ដូច្នេះលោក ហែម សោភ័ន្ត ត្រូវលុបរាល់ការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងករណីនេះ ព្រមទាំងត្រូវសុំទោសជាសាធារណៈ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានខាងលើ។ ដ្បិតនេះជាព័ត៌មានមិនពិត ដែលបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសរបស់សារមន្ទីរទួលស្លែង។

សូមបញ្ជាក់ថា ចំពោះសាធារណជន និងសិស្សានុសិស្សជនជាតិខ្មែរអាចចូលទស្សនាសារមន្ទីរទួលស្លែងដោយឥតគិតថ្លៃ និងជារៀងរាល់ថ្ងៃ៕

To Top