រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តបាត់ដំបង យកចិត្តទុកដាក់ប្ដេជ្ញារួមគ្នាខិតខំអនុវត្តន៍ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ២០២៦
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ណែនាំដល់រដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ប្ដេជ្ញារួមគ្នាខិតខំអនុវត្តន៍ឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៦នេះ ជាពិសេសការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ។
ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង។ ពិធីនេះធ្វើឡើង នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង គូសបញ្ជាក់ថា ក្នុងអង្គសន្និបាតរដ្ឋបាលខេត្ត បានឯកភាពគ្នា និងបន្តប្ដេជ្ញាបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីព្រោះវាបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិ។
នាឱកាសនោះ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការនិងកងកម្លាំងប្រដាប់គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តបាត់ដំបងដែលបានលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់ក្នុងកាតព្វកិច្ចបម្រើមាតុភូមិ និងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ជាពិសេសការខិតខំពុះពារនូវឧបសគ្គក្នុងការលំបាករហូតទទួលបានសមិទ្ធផលនានាជាច្រើន។
លោក ឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា សមិទ្ធផល និងស្នាដៃ ដែលសម្រេចបាននេះពិតជាបានធ្វើឱ្យខេត្តបាត់ដំបងមានការប្រែមុខមាត់ថ្មី និងកាន់តែមានការអភិវឌ្ឍន៍ជឿនលឿនទៅមុខក្នុងការចូលរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀតជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងដំណើរការប្រក្រតីភាពសកម្មភាពសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។
លោក ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ប្រទេសជាតិរបស់យើងធ្លាប់បានឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនឆ្នាំហើយយើងយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាពក្នុងន័យនេះត្រូវបន្តថែរក្សាការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងមិនអនុញ្ញាតឱ្យមានការរំលោភបំពានបានឡើយ»៕







