អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ត្រៀមធ្វើអត្តសញ្ញាណបណ្ណ សម្រាប់ពលរដ្ឋ បោះឆ្នោត
ភ្នំពេញ ៖ ខណៈការបោះឆ្នោតឃុំ-សង្កាត់ នឹងឈានចូល ដល់ពាក់កណ្តាលឆ្នាំ២០២៧ អគ្គនាយក នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត បានថ្លែងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានត្រៀមលក្ខណៈរួចរាល់ ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋ និងពលករត្រឡប់មកពីថៃ សម្រាប់បម្រើឲ្យការបោះឆ្នោត នាពេលខាងមុខ ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ២១ មករា ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត បានលើកឡើងថា ដើម្បីបម្រើដល់ការបោះឆ្នោត ទាំងថ្នាក់ជាតិនិងឃុំ-សង្កាត់ដំណើរការល្អ ទៅតាមការគ្រោងទុក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានត្រៀមលក្ខណៈក្នុងការជំរុញឲ្យប្រជាពលរដ្ឋ និងពលករមកពីប្រទេសថៃ ដែលមិនទាន់មានអត្តសញ្ញាណបណ្ណ និង ហួសសុពលភាពឲ្យពួកគាត់ទៅធ្វើ ដើម្បីមានអត្តសញ្ញាណបណ្ណ ប្រើប្រាស់ផ្ទាល់ខ្លួន ជាពិសេសបម្រើដល់បោះឆ្នោត ។

លោកបញ្ជាក់ថា “ឆ្នាំ២០២៦នេះ គឺយើងត្រូវផ្តល់ការយកចិត្ត ទុកដាក់ជាចម្បង ៖ ទី១-ជំរុញពលរដ្ឋ ដែលអត់មានអត្តសញ្ញាណ ជាពិសេសប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីថៃ ធ្វើម៉េចឲ្យពួកគាត់មាន អត្តសញ្ញាណប្រើប្រាស់ គាត់អាចមានការងារធ្វើ គាត់អាចមានឯកសារស្នើសុំធ្វើសេវាផ្សេងៗ ។ ទី២-សម្រាប់បម្រើឲ្យដល់ការបោះឆ្នោត ព្រោះការចុះឈ្មោះបោះឆ្នោត នឹងធ្វើឡើងនៅឆ្នាំ២០២៦នេះ សម្រាប់បម្រើឲ្យការបោះឆ្នោត នៅឆ្នាំ២០២៧ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់” ។
លោកបន្តថា សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងប្រព្រឹត្តឡើងនៅដើមខែមិថុនា ឆ្នាំ២០២៧ ។ ដូច្នេះចាំបាច់បំផុតដែលពលរដ្ឋគ្រប់ អាយុត្រូវតែមកធ្វើអត្តសញ្ញា ណបណ្ណដើម្បីសម្គាល់អត្តសញ្ញាណរបស់ខ្លួន ក្នុងការចុះឈ្មោះបោះឆ្នោត ព្រោះកាលណាបើដល់ពេលចុះឈ្មោះហើយ ពុំមានអត្តសញ្ញាណបណ្ណនោះ នឹងជះផលអវិជ្ជមានដល់ដំណើរការបោះឆ្នោត ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានចេញសេចក្តី សម្រេចកំណត់យកថ្ងៃអាទិត្យទី៦ ខែ មិថុនា ឆ្នាំ ២០២៧ ជាកាលបរិចេ្ឆទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ៕
