លោក សួន ចំរើន ពីអតីតពលករ ដែលគ្មានជំនាញក្លាយទៅជាអ្នកមានជំនាញ និងមានការងារច្បាស់លាស់ តាមរយៈយន្ដការ របស់ក្រសួងការងារ
ភ្នំពេញ៖ អតីតពលករខ្មែរត្រឡប់មកពីថៃ គឺលោក សួន ចំរើន ដែលពីមុនគ្មានជំនាញបានក្លាយទៅជាអ្នកមានជំនាញ និងមានការងារច្បាស់លាស់ តាមរយៈយន្ដការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក សួន ចំរើន បានប្រាប់ថា លោក មានស្រុកកំណើត នៅខេត្តសៀមរាប ហើយបានទៅធ្វើការងារ នៅប្រទេសថៃរយៈពេល ៧ឆ្នាំ ផ្នែកកសិកម្ម និងបានវិលត្រឡប់មកដល់កម្ពុជាវិញ នៅអំឡុងខែមិថុនា ឆ្នាំ២០២៥។
បន្ទាប់ពីទទួលបានការពន្យល់ណែនាំពីមន្ត្រីក្រសួងការងារមក, លោក ក៏បានសម្រេចចិត្តចុះឈ្មោះចូលរៀនជំនាញដេរ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ នៅរោងចក្រ ធី. អេស ស្ព័ត (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយលោករៀនតែ ២ថ្ងៃប៉ុណ្ណោះ ក៏អាចបានចូលរួមធ្វើការងារតែម្ដង។

លោក សួន ចំរើន ប្រាប់ថា «ខ្ញុំមករៀនក្នុងរោងចក្រនេះ ខ្ញុំរៀនតែ ២ថ្ងៃទេ ខ្ញុំបានការងារធ្វើពេញសិទ្ធិ…គេថា រៀនក៏បានលុយដែរ ខ្ញុំក៏ខំរៀនបាន ២ថ្ងៃ ខ្ញុំក៏ចូលដេរបណ្ដោយ»។
ក្រោយពីទទួលបានការងារធ្វើ លោក ចំរើន បានលើកឡើងថា ក្រសួងការងារ ពិតជាបានជួយលោកយ៉ាងស្វាហាប់ និងពិតប្រាកដ ដោយបានដឹកលោកពីក្រសួងមករៀននៅរោងចក្រ ធី. អេស ស្ព័ត នេះ ហើយបានជួយរកផ្ទះជួលឱ្យស្នាក់នៅរយៈពេល ៧ថ្ងៃ ដោយឥតគិតថ្លៃថែមទៀត។
លោក សួន ចំរើន បានបន្ថែមថា «ខ្ញុំចង់អំពាវនាវឱ្យអ្នក ដែលនៅក្នុងស្រុកខ្មែរក៏ដោយ អ្នកដែលទើបមកពីថៃក៏ដោយ អ្នកនៅក្នុងប្រទេសថៃក៏ដោយ ការងារនៅប្រទេសខ្មែរយើងច្រើនណាស់ ក្រសួងគាត់នៅតែជួយគ្រប់ភេទ ភេទប្រុស ភេទស្រីក៏ដោយត្រូវការទាំងអស់ ការងារនៅប្រទេសខ្មែរយើងច្រើន នៅត្រូវការ»។
ជាមួយគ្នានេះ លោក ចំរើន បានអរគុណដល់ក្រសួងការងារ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញដេរនេះ ដោយធ្វើឱ្យលោកទទួលបានឱកាសការងារ ទាំងដែលពីមុនមកលោកមិនមានជំនាញនេះសោះឡើយ ហើយប្ដេជ្ញាចិត្តថា នឹងខិតខំធ្វើការងារដែលខ្លួនមានសព្វថ្ងៃនេះឱ្យបានល្អ និងយូរអង្វែង៕
