កម្ពុជាបញ្ជាក់ជាថ្មី អំពីការអនុវត្តបទឈប់បាញ់
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពបទឈប់បាញ់ រវាងកម្ពុជា-ថៃ ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែមករា លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលបានលើកឡើងថា ក្នុងនាមជាប្រទេស ស្រឡាញ់សន្តិភាព កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត យ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួន ក្នុងការគោរពបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់ ដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដទៃទៀត។
លោកបន្តថា “កម្ពុជា ប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ទ្វេភាគីដែលមានស្រាប់ ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយ គណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម” ។
លោកបន្ថែមថា កម្ពុជាក៏បន្តគោរព គោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការ បោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាព គ្នានាពេលកន្លងមក។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ ៕
