ក្រសួងបរិស្ថាន ជំរុញសកម្មភាពបង្កើនគម្របបៃតង និងលើកកម្ពស់ជីវភាព សហគមន៍តំបន់ការពារធម្មជាតិ
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានធ្វើការបោះបង្គោលកំណត់ព្រំប្រទល់នៅតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ របស់សហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ថ្នាក់ដឹកនាំក្រសួងបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដោយមានការចូលរួម រដ្ឋបាលថ្នាក់ក្រោមជាតិ លោកអភិបាលស្រុកឱរ៉ាល់ លោកមេឃុំ មេភូមិ មន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី បានចូលរួមជាសក្ខីភាពក្នុងការបោះបង្គោលព្រំប្រទល់នៅតំបន់គោលដៅលម្ហែបៃតងទេទឹកពុះ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

លោក ផល លឿន ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាតាមរយៈក្រសួងបរិស្ថានដែលការបោះបង្គោលកំណត់ព្រំ តំបន់អភិវឌ្ឍន៍គោលដៅលំហែបៃតង នឹងជំរុញឱ្យមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានមានការរីកចម្រើនតាមរយៈការរៀបចំឱ្យតំបន់សហគមន៍មានឱកាសក្នុងការបង្កើនភាពស្អាត ភាពបៃតង និងមានការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពនៃសមាជិកសហគមន៍ទាំងមូល។

សូមបញ្ជាក់ថា នៅក្នុងដើមឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការអភិវឌ្ឍតំបន់ទេទឹកពុះ ឱ្យទៅជាតំបន់គោលដៅលំហែបៃតងគួរឱ្យទាក់ទាញបំផុតមួយនៅកម្ពុជា ដើម្បីធានាការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព៕



