ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស ចុះពិនិត្យគុណភាពផ្លូវជនបទ ចំនួន៧ខ្សែ នៅក្នុងខេត្តកំពង់ចាម

កំពង់ចាម៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តកំពង់ចាម។

ផ្លូវទាំង៧ខ្សែនោះដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវ ផ្អាវ – ដូនដុំ ជាប្រភេទផ្លូវក្រាលកៅស៊ូ ប្រវែងសរុប ១១,៣០គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិផ្អាវ. ឃុំផ្អាវ ស្រុកបាធាយ ទៅដល់ភូមិដូនដុំ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ដោយមានអ្នកទទួលផលសរុបប្រមាណ ៦ ៤០០នាក់។ ខ្សែផ្លូវនេះស្ថិតក្នុងគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី ADB ក្នុងឆ្នាំ២០២២ ។

ខ្សែទី២៖ ឈ្មោះផ្លូវ សណ្តែក-សំពងជ័យ ជាផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែង ២៣,១៥គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិសណ្ដែក ឃុំសណ្ដែក ស្រុកបាធាយ ទៅដល់ភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ដោយមានអ្នកទទួលផលសរុបប្រមាណ ៦ ៨០០នាក់។ ខ្សែផ្លូវនេះស្ថិតក្នុងគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III)។

ខ្សែទី៣៖ ឈ្មោះផ្លូវ ខ្លោងទ្វារវត្តកំណប់ (NR6) – សូរសែន្យ- ត្រពាំងត្នោត ជាប្រភេទផ្លូវក្រាលកៅស៊ូ មានប្រវែងសរុប ១០,០១គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងឃុំសូរសែន្យ ស្រុកព្រៃឈរ ។ ខ្សែផ្លូវនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានពីធនាគារពិភពលោក (WB)។

ខ្សែទី៤៖ ឈ្មោះផ្លូវ ផ្លូវជាតិលេខ៧ – សៀមបោយ ជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុង មានប្រវែងសរុប ៦,០០គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិព្រៃចារ ទៅដល់ភូមិសៀមបោយឃុំព្រៃចារ ស្រុកជើងព្រៃ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៨ ០៧៦នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៤ ០២៥ នាក់។

ខ្សែទី៥៖ ឈ្មោះផ្លូវ ផ្លូវជាតិលេខ៧ – ស្អាង ជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុង មានប្រវែងសរុប ១៦,៤០គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិត្រពាំងត្មាត ឃុំស្រមរ ទៅដល់ភូមិឈូកសរ ឃុំសំពងជ័យ ស្រុកជើងព្រៃ ដោយមានអ្នកទទួលផលដោយផ្ទាល់ ៣៨ ៤៧២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៥ ៨៩០នាក់។

ខ្សែទី៦៖ ឈ្មោះផ្លូវ ផ្លូវជាតិលេខ៧ – ខ្លោងទ្វារវត្តជម្ពូរសោភា ជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុង មានប្រវែងសរុប ១៧,១១គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិស្រង៉ែ ឃុំស្រង៉ែ ទៅដល់ភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២៩ ២៨៣នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៨ ២៥៧ នាក់។

ខ្សែទី៧៖ ឈ្មោះផ្លូវ សំពងជ័យ – ទឹកឆារ ជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុង មានប្រវែងសរុប ៨,៥៣គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិសំពងជ័យ ឃុំសាព័រជ័យ ស្រុកជើងព្រៃ ទៅដល់ភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២០ ៨៦០នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៦ ៧៣៣ នាក់។ ខ្សែផ្លូវចំនួន ៤ខ្សែខាងលើនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អការត្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក ។

សូមជម្រាបជូនផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការលើកកម្រិតគុណភាព និងការស្ថាបនាផ្លូវជនបទឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រទាក់ក្រឡាគ្នា សំដៅជួយសម្រួលនិងផ្តល់ផលប្រយោជន៍ ឱ្យប្រជាជននៅតំបន់ជនបទ មានប្រាក់ចំណូលប្រកបដោយចីរភាព៕

To Top