ព័ត៌មានជាតិ

ប្រតិភូខេត្តពោធិ៍សាត់ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោក ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោក ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ។

សពលោក ប៉ូល ពីឌូ ត្រូវបានតម្កល់ធ្វើបុណ្យ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, លោក ខូយ រីដា ពិតជាមានក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្ត ក្រោយពីបានទទួលដំណឹងក្រៀមក្រំជាទីបំផុតថា លោក ប៉ូល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ជាស្វាមី របស់លោកស្រី សោម អមិតាភ័ក្ត្រ បានទទួលមរណភាព។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វែកប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត។

មរណភាពរបស់ លោក ប៉ូល ពីឌូ គឺជាការបាត់បង់នូវថ្នាក់ដឹកនាំ ស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ពុំអាចរកអ្វីប្រៀបផ្ទឹមបាន របស់ លោកស្រី និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលធ្លាប់បានលះបង់កម្លាំងកាយ និងប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុស្តារ កសាង អភិវឌ្ឍន៍សង្គមជាតិ និងបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
ជាទីបញ្ចប់ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងឱ្យវិញ្ញាណក្ខន្ធសពលោកម ប៉ូល ពីទូ បានទៅកាន់សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top