ទូតកម្ពុជា-អេហ្ស៊ីប គាំទ្រគ្នាទៅវិញទៅមកលើបេសកកម្មការទូត
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ និងលោក Hazem Ismail Ibrahim Zaki ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអេហ្ស៊ីប ប្រចាំសាធារណរដ្ឋកូរ៉េ បានប្តេជ្ញាគាំទ្រគ្នាទៅវិញមក លើបេសកកម្មការទូតដែលផ្តល់ផលប្រយោជន៍ទាំងសងខាង។

ក្នុងជំនួបសម្តែងការគួរសមរវាងលោក ឃួន ផុនរតនៈ និងលោក Hazem Ismail Ibrahim Zaki នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយអត្ថន័យក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។
ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអេហ្ស៊ីប ដែលកន្លងមករហូតដល់បច្ចុប្បន្ននេះ តែងតែបានជួយគាំទ្រការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជាពិសេសផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម បន្តការសិក្សា
នៅសាកលវិទ្យាល័យ Al-Azhar ប្រទេសអេហ្ស៉ីប ជារៀងរាល់ឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូត ក៏បានជម្រាបជូន លោក Hazem Ismail Ibrahim Zaki អំពីបច្ចុប្បន្នភាព និងការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ៕
