ព័ត៌មានជាតិ

កម្ពុជា-ហុងកុង ប្ដេជ្ញាលើកកម្ពស់ប្រតិបត្តិការ វិស័យសុខាភិបាល និងសុខភាពសាធារណៈ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូដឹកនាំដោយលោក Leung Kwan Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃការិយាល័យពាណិជ្ជកម្មប្រចាំ នៅតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ភាគីទាំងពីរ បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការលើកកម្ពស់កិច្ច សហប្រតិបត្តិការវិស័យសុខាភិបាល និងសុខភាពសាធារណៈ។

ក្នុងឱកាសជំនួប ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាព និងទិសដៅអភិវឌ្ឍវិស័យសុខាភិបាល ព្រមទាំងកិច្ចពិភាក្សា ពីលទ្ធភាពពង្រឹងការផ្លាស់ប្ដូរអត្ថប្រយោជន៍ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងចំណេះដឹងបច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការចាប់អារម្មណ៍ និងគោលបំណងសហការរបស់ភាគីហុងកុង ក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយបានបញ្ជាក់ពីជំហររបស់ក្រសួង សុខាភិបាល ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបន្តពង្រឹងសេវាសុខភាព បឋមនៅតំបន់ដាច់ស្រយាល ពង្រឹងការធ្វើអភិបាលកិច្ច ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និងភាពជាអ្នកដឹកនាំ ដើម្បីឈានឆ្ពោះទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋកម្ពុជា ។

ចំណែកភាគីតំណាងហុងកុង បានបង្ហាញពីសក្ដានុពល បទពិសោធន៍ និងតួនាទីរបស់ហុងកុង ក្នុងការគាំទ្រដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងការតភ្ជាប់ដៃគូ ការផ្លាស់ប្តូរបច្ចេកទេស និងការស្វែងរកឱកាសសហការថ្មីៗ ដែលអាចរួមចំណែកដល់ការ អភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

ជំនួបនេះត្រូវបានចាត់ទុកថា ជាជំហានដ៏មានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងកុង ក្នុងវិស័យសុខាភិបាល និងសុខភាពសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

To Top