កូរ៉េ បន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ
ភ្នំពេញ ៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិត្តិការជាមួយកម្ពុជា ទំាងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ទូលំទូលាយ និងចំណេះដឹងជ្រាលជ្រៅ រួមជាមួយនឹងឆន្ទៈដ៏មោះមុត បេសកកម្មការទូតនៅកម្ពុជា របស់ឯកឧត្តមនឹងទទួលបានជោគជ័យ ដោយនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធ រឹងមាំ ស៊ីជម្រៅ និងទូលំទូលាយ ឈានដល់កម្រិតខ្ពស់ថ្មីមួយនាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជន និងប្រទេសទាំងពីរ។
“ភាពជាដៃគូយុទ្ធសាស្រ្ត” រវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការយល់យោគគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីឈានទៅសម្រេចបាននូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេស និងប្រជាជនទាំងសងខាង។ សម្តេចរដ្ឋសភាធិបតី បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមស្វែងរកសន្តិភាព និងបានគំាទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជារហូតមក។
សម្តេចប្រធានរដ្ឋសភា បានស្នើឯកអគ្គរដ្ឋទូតបន្តជំរុញ អ្នកវិនិយោគ អ្នកទេសចរពីសាធារណរដ្ឋកូរ៉េមកកម្ពុជាបន្ថែមទៀត។ “អរិយធម៌បុរាណ នៃប្រទេសយើងទាំងពីរ បានគូសបញ្ជាក់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍ រវាងប្រទេសយើងទាំងពីរ”។
ជាមួយគ្នានេះសម្តេចក៏បានស្នើដល់សាធារណរដ្ឋកូរ៉េជួយផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់ នៅក្នុងយុទ្ធសាស្រ្តបបញ្ចកោណ ដំណាក់កាលទី១ ដោយ បានកំណត់យកកត្តា “មនុស្ស” ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់ និងអភិបាលកិច្ច ។ សម្តេចមានសង្ឃឹមថា សាធារណរដ្ឋកូរ៉េ នឹងបន្តផ្តល់អាហារូបករណ៍ជំនាញ សំខាន់ៗជាច្រើនទៀត ដល់សិស្សនិស្សិតកម្ពុជាបន្ថែមទៀត ។
លោក គីម ឆាងយ៉ុង បានជម្រាបសម្តេច ពីគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលសាធារណរដ្ឋកូរ៉េ បាននឹងកំពុងសហការជាមួយកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍ផ្លូវការ របស់សាធារណរដ្ឋកូរ៉េ (ODA)។ លោក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបង្រ្កាបបទល្មើសឆ្លងដែន បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រការនេះបានផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តជាខ្លំាងដល់ពលរដ្ឋសាធារណរដ្ឋកូរ៉េ ក្នុងការធ្វើដំណើរមកកម្ពុជា៕
