ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ ស្នើឱ្យអ្នកលេងបណ្តាញសង្គម ជួយផ្តល់ព័ត៌មាន អំពីយុវជនម្នាក់ ដែលត្រាច់ចរតែឯង មកភ្នំពេញរកការងារ ធ្វើមិនទាន់បាន ដើម្បីក្រសួងផ្តល់ការងារជូន

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានអំពាវនាវ ដល់អ្នកពាក់ព័ន្ធទាំងអស់ ជួយផ្តល់ព័ត៌មានអំពីយុវជនមួយរូប ដែលល្បីលើបណ្តាញសង្គមហ្វេសប៊ុកថា មកភ្នំពេញតែឯង រកការងារធ្វើមិនបាន មកក្រសួងការងារ ដើម្បីក្រសួងការងារអន្តរាគមន៍ ជួយរកការងារធ្វើបានលឿនរហ័ស និងទាន់ពេលវេលា ។

លោកថ្លែងថា៖ «សូមអ្នកប្រើប្រាស់បណ្តាញសង្គមដែលឃើញករណីនេះ សូមជួយប្រាប់ទៅយុវជនម្នាក់នោះ ឱ្យទាក់ទងមកលេខ១២៩៧ ឬផ្តល់ព័ត៌មានអំពីយុជននោះមកក្រសួង ដើម្បីក្រសួងការងារជួយសម្របសម្រួលរកការងារឱ្យធ្វើឱ្យបានលឿនរហ័សទៅតាមចំណេះជំនាញរបស់គាត់ ប៉ុន្តែបើសិនណាជាគាត់មិនទាន់មានជំនាញទេនោះ ក្រសួងនឹងជួយឱ្យគាត់ បានរៀនជំនាញ ដែលគាត់ចង់រៀន ដើម្បីធានាថា គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុ្ងការបំពេញការងារ» ។

ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកបានចែករំលែកអំពីព័ត៌មានយុវជនមួយរូបអាយុ១៦ឆ្នាំ បានមកលុតជង្គង់តាមផ្លូវម្នាក់ឯង ដោយសារតែមករកការងារធ្វើនៅភ្នំពេញពុំទាន់បាន កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

បើតាមលោកស៊ុន មេសា ការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនមែនជួយតែយុវជនមួយរូបនោះទេ ពោលគឺ យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើផ្សេងៗទៀត ក៏ក្រសួងរង់ចាំជួយសម្របសម្រួលក្នុងការស្វែងរកការងារធ្វើឱ្យបានលឿនរហ័សផងដែរ។

ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន អតីតពលករមកពីប្រទេសថៃ ឬអ្នកកំពុងស្វែងរកការងារធ្វើទាំងអស់ សូមឱ្យទាក់ទងមកលេខ ១២៩៧ ឬទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) តាមរយៈលេខ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ដើម្បីឱ្យមន្ត្រីក្រសួងជួយស្វែងរកការងារជូន ៕

To Top