ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ ណែនាំ ដល់សមាជិក សមាជិកាសមាគម សណ្ឋាគារកម្ពុជា ត្រូវត្រៀមលក្ខណៈឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិកំពូលៗ ដែលនឹងចូលរួម ក្នុងកិច្ចប្រជុំកំពូលបណ្តាប្រទេស និយាយភាសាបារាំង នៅភ្នំពេញ នាពេលខាងមុខ ។

ការណែនាំនេះធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ អញ្ជើញជួបជុំសំណេះសំណាល ជាមួយសមាគមសណ្ឋាគារកម្ពុជា (CHA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ រវាងក្រសួងទេសចរណ៍ជាមួយ សមាគមសណ្ឋាគារកម្ពុជា ព្រមទាំងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍រកម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា សមាគមសណ្ឋាគារ ជាការអង្គភាពទី២ ដែលបានជួប សំណេះសំណាល ព្រមទាំងបានថ្លែងអំណរគុណ ចំពោះសមាគមសណ្ឋាការកម្ពុជា ក្រោមការដឹកនាំរបស់ ឧកញ៉ា ហ៊ី សុធា និងសហការី និងការចូលរួម របស់សមាជិកសមាគម ដែលកន្លងមក តែងតែចូលរួមជាមួយ ក្រសួងទេសចរណ៍គ្រប់ ពេលវេលា ទាំងពេលសុខដុម និងគ្រាលំបាក ដែលយើងទាំងអស់គ្នាជាមហាគ្រួសារវិស័យ ទេសចរណ៍កម្ពុជា បានឆ្លងកាត់រយៈជាងមួយឆ្នាំ ជាមួយគ្នាកន្លងមក។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកឡើង អំពីព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលនឹងរៀបចំឡើងនៅប្រទេសកម្ពុជា ជាពិសេសគឺកិច្ចប្រជុំកំពូលបណ្តាប្រទេស និយាយភាសាបារាំង លើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលជាកិច្ចប្រជុំមានការចូលរួម ពីថ្នាក់ដឹកនាំកំពូលៗ ពីបណ្តាប្រទេសជាច្រើន អ្នកសារព័ត៌មានអន្តរជាតិ និងអ្នកចូលរួមជាច្រើនពាន់នាក់ ពីគ្រប់ទិសទីនៃពិភពលោក។

ក្នុងនោះលោករដ្ឋមន្រ្តី ហួត ហាក់ ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាជិក សមាជិកាសមាគមសណ្ឋាគារកម្ពុជា ត្រៀមលក្ខណៈឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិកំពូលៗ ដែលនឹងចូលរួមក្នុងកិច្ច ប្រជុំកំពូលបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie Summit) នៅរាជធានីភ្នំពេញ នាពេលខាងមុខ ដែលជាការលើកមុខមាត់របស់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ និយាយជារួម និងនិយាយដោយឡែក គឺសម្រាប់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច សេវាស្នាក់នៅ និងម្ហូបអាហាររបស់កម្ពុជា ដល់ពិភពលោកទាំងមូល។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យសមាគមត្រូវពង្រឹង រចនាសម្ព័ន្ធឱ្យបានរឹងមាំ ពង្រឹងសមត្ថភាព ធនធានមនុស្ស របៀបរបបការងារ (TOR) របបប្រជុំ របបរាយការណ៍ របបបណ្តុះបណ្តាល(Training Course) ទីតាំងសមាគម និងត្រូវមាន M&E System ការត្រួតពិនិត្យ វាយតម្លៃរបស់សមាគមរួម ជាមួយធនធានថវិការបស់សមាគម ជាពិសេស ណែនាំឱ្យសមាគមរៀបចំ ជាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យបានឆាប់ ក្រោមទម្រង់ជា Practical Cooperation Action Plan ដើម្បីអនុវត្តការងារ ប្រកបដោយភាពទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕ ដោយ៖ ដារាត់| ដើមអម្ពិល


