នាវាទេសចរណ៍ឈ្មោះ WESTERDAM នាំភ្ញៀវជិត ២ពាន់នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ ដើម្បីទស្សនា ប្រទេសកម្ពុជា
ព្រះសីហនុ ៖ នាវាទេសចរណ៍ឈ្មោះ WESTERDAM សញ្ជាតិ NETHERLAND បាននាំភ្ញៀវទេសចរណ៍ចំនួន ១,៩២៧ នាក់ ចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) គោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ក.ស.ស.) បានឱ្យដឹងថា «នាវេលាម៉ោង ៧:៣០ នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ ឈ្មោះ WESTERDAM សញ្ជាតិ NETHERLAND ដែលមានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ ម៉ែត្រ ជម្រៅ ៨,០០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ»។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨២២ នាក់ (ស្រី ១៦៣ នាក់) មាន ៤០ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ១,៩២៧ នាក់ (ស្រី ១,០៤០ នាក់) មាន ៤០ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៩១៧ នាក់) និងកាដាណា (៣១៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:៣០ នាទី នៅថ្ងៃដដែល៕



