ក្រសួងធម្មការ ៖ គ្រប់វត្តអារាមរៀបចំពិធីបុណ្យ «មាឃបូជា» ឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ
ភ្នំពេញ ៖ ដើម្បីឱ្យពិធីបុណ្យ «មាឃបូជា» ឆ្នាំ២០២៦នេះ មានភាពអធិកអធម ក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំដល់មន្ទីរធម្មការ និងសាសនា គ្រប់រាជធានី ខេត្ត ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យ «មាឃបូជា» ឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ។
តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រសួង បានគូសបញ្ជាក់ថា «ត្រូវបំផុសឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យ មាឃបូជា ឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងជ្រើសរើសវត្តណាមួយដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យ មាឃបូជា ជាផ្លូវការ»។
ក្រសួង បន្ដថា ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត រៀបចំបោស សម្អាត តុបតែងលម្អវត្តអារាម ដោយមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ ត្រាស់ដឹង ចតុរង្គសន្និបាត ទ្រង់សម្តែង ឱវាទព្រះបាតិមោក្ខ ទ្រង់កំណត់ដាក់ព្រះជន្មាយុសង្ខារ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល ពុទ្ធភាសិត បដាពាក្យស្លោកផ្សេងៗ ព្រមទាំងរៀបចំពិធីចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ដឹកនាំពុទ្ធបរិស័ទធ្វើសមាធិវិបស្សនាកម្មដ្ឋានជាដើម ដើម្បីសម្អាតកាយ វាចា ចិត្ត ឱ្យបានបរិសុទ្ធផូរផង់។
ក្រសួង បន្ថែមថា ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវ សប្បុរសជនពុទ្ធបរិស័ទ ឱ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាគុណប្រយោជន៍ ដល់ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម។
សូមរំលឹកថា រាជរដ្ឋាភិបាល បានចាត់ចែងរៀបចំពិធីបុណ្យ មាឃបូជា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃចន្ទ ១៥កើត និងថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦៕
