បារាំង រឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលធ្វើដំណើរចេញពីរុស្ស៊ី
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងកុម្ម៉ង់ដូបារាំងបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលត្រូវបានរងទណ្ឌកម្ម ហើយធ្វើដំណើរ «មកពីប្រទេសរុស្ស៊ី»។ លោក Macron បានអះអាងថា កប៉ាល់នេះគឺជាផ្នែកមួយនៃ «កងនាវាស្រមោល» របស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Macron បាននិយាយថា កប៉ាល់នេះត្រូវបានស្ទាក់ចាប់ដោយកងទ័ពជើងទឹកបារាំងនៅសមុទ្រមេឌីទែរ៉ាណេ ដោយបន្ថែមថា កប៉ាល់នេះ «ស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិ និងសង្ស័យថាបានលើកទង់ជាតិក្លែងក្លាយ»។ លោកបានបន្ថែមថា កប៉ាល់ដឹកប្រេងនេះត្រូវបានបង្វែរទៅកាន់កំពង់ផែវិញ ជាកន្លែងដែលការស៊ើបអង្កេតតាមផ្លូវតុលាការនឹងធ្វើឡើង។
កប៉ាល់នេះ ដែលមានឈ្មោះថា «Grinch» ធ្វើដំណើរចេញពីកំពង់ផែ Murmansk របស់រុស្ស៊ី។ យោងតាមទិន្នន័យតាមដានផ្លូវសមុទ្រដែលមានជាសាធារណៈ គឺកប៉ាល់ «Grinch» គឺជាកប៉ាល់ដឹកប្រេងឆៅប្រវែង ២៥០ ម៉ែត្រ ដែលដោតទង់ជាតិកូម៉ូរ៉ូស។
ការរឹបអូសនេះត្រូវបានអនុវត្តដោយកងកម្លាំងកងទ័ពជើងទឹកបារាំង ដោយមានជំនួយពីចក្រភពអង់គ្លេស យោធាបារាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ យោងតាមរបាយការណ៍របស់ AP ចក្រភពអង់គ្លេសបានផ្តល់ការគាំទ្រផ្នែកស៊ើបការណ៍សម្ងាត់សម្រាប់ប្រតិបត្តិការនេះ៕
ប្រែប្រួលៈ ណៃ តុលា
