ក្រសួងមហាផ្ទៃ ៖ ពលរដ្ឋភៀសសឹកប្រមាណ ៥សែន៣ម៉ឺននាក់ ស្មើនឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន៤ម៉ឺននាក់ មានប្រមាណ ៥សែន៣ម៉ឺននាក់ ឬស្មើនឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សកម្មភាព រំលោភបំពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បណ្តាលឱ្យមានផលប៉ះពាល់ និងការ ខូចខាតក្នុងខេត្តចំនួន៧ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និង ខេត្តសៀមរាប។
ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក៣.៦១០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន៣ម៉ឺននាក់ ឬស្មើ នឹង៨២% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១១៨.០៣៤នាក់ ក្នុង នោះស្ត្រីមាន៦២.០៤២នាក់ និងកុមារ៣៨.៦៩០នាក់»៕
