ព័ត៌មានជាតិ

ក្នុងសារអបអរលោក តូ ឡឹម! សម្ដេចតេជោ បង្ហាញជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព កម្ពុជា-វៀតណាម នឹងត្រូវបានពង្រឹង ឱ្យកាន់ស៊ីជម្រៅ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញពីជំនឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) នឹងត្រូវបានពង្រឹងឱ្យកាន់ស៊ីជម្រៅ បន្ថែមទៀត ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង“ រវាងគណបក្សនិងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ការបញ្ហាញជំនឿនេះ មាននៅក្នុងលិខិតអបអរសារទរ លោក តូ ឡឹម ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម ជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិម គណបក្សកុម្មុយនីស្តវៀតណាម។

នៅក្នុងសារលិខិតដដែលនេះ សម្ដេចតេជោ ហ៊ុន សែន តាងនាមឱ្យគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជានិងរូបសម្ដេចផ្ទាល់ សម្ដេចសូមចូលរួមអបអរសាទរប្រកប ដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅជាទីបំផុត ជូនចំពោះ លោក តូ ឡឹម ក្នុងឱកាសដ៏ឧឡារិកនេះ។

សម្ដេចលើកឡើងថា ការបោះឆ្នោតជ្រើសតាំង លោក តូ ឡឹម សាជាថ្មីជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្តវៀតណាម គឺជាការឆ្លុះបញ្ចាំងនូវទំនុកចិត្ត និងការជឿជាក់របស់គណបក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាម ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយសមត្ថភាពរបស់ លោក តូ ឡឹម ក្នុងការតម្រង់ទិសដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលធានាឱ្យប្រជាជនទទួលបាននូវសន្តិភាពយូរអង្វែង ស្ថិរភាព និងវិបុលភាពដែលរីកចម្រើនជាលំដាប់ ក៏ដូចជាលើក កម្ពស់កិត្យានុភាព និងតួនាទីរបស់ វៀតណាមនៅក្នុងតំបន់ និងអន្តរជាតិ។

សម្ដេចមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងសម្លឹងទៅអនាគតរបស់ លោក តូ ឡឹម គណបក្សកុម្មុយនីស្តវៀតណាម នឹងទទួលបានទំនុកចិត្ត និងការគាំទ្រកាន់តែខ្លាំងឡើងពីប្រជាជនវៀតណាម និងសម្រេចបានជោគជ័យយ៉ាងធំធេង ក្នុងការអនុវត្តគោលនយោបាយ និងការសម្រេចចិត្តនានា ដែលបានអនុម័តដោយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤៕

To Top