សម្ដេចតេជោ ជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា កម្ពុជានិងអូស្ត្រាលី នឹងបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រប្រទេសទាំងពីរ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា កម្ពុជានិងអូស្ត្រាលី នឹងបន្តធ្វើការជិតស្និទ្ធ ជាមួយគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀត សម្រាប់ប្រជាជនយើងទាំងពីរ។
ការបង្ហាញជំនឿនេះ មាននៅក្នុងសារលិខិតរបស់សម្ដេច ផ្ញើជូន លោកស្រី Sue Lines ប្រធានព្រឹទ្ធសភានៃសភាអូស្ត្រាលី ក្នុងឱកាសទិវាបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៦។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមសម្តែងនូវការអបអរ សាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរគ្រប់ប្រការ ជូនចំពោះ លោកស្រីព្រឹទ្ធសភា និងប្រជាជន ជាទីរាប់អាននៃប្រទេសអូស្ត្រាលី ក្នុងឱកាសនៃទិវាបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៦។
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកព្រឹត្តិការណ៍ដ៏ពិសេសនេះ មិនត្រឹមតែជាការរំលឹកដល់មោទនភាព និងសមិទ្ធផលជាច្រើនគួរកត់សម្គាល់ ដែលសម្រេច បានដោយប្រជាជនអូស្ត្រាលី ចាប់តាំងពីបង្កើតជាតិ រហូតដល់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះ បញ្ចាំងពីតួនាទីដ៏សំខាន់ របស់ប្រទេសអូស្ត្រាលី ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោកផងដែរ។
សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងភាពជាដៃគូ ដែលកំពុងរីកចម្រើន ឥតឈប់ឈររវាងប្រជាជាតិទាំងពីរ ដោយផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃការជឿជាក់គ្នា ការគោរពគ្នានិងការយោគយល់គ្នា ទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្ដេចទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ លោកស្រី Sue Lines ដើម្បីពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើង នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងនៅលើវេទិកាអន្តរសភា ដើម្បីឧត្តមប្រយោជន៍ របស់ប្រជាជាតិទាំងពីរ និងដើម្បីគាំទ្រសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព សកលលោក៕
