ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម រំពឹងទុកថា ឆ្នាំ២០២៦នេះ ក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋានក្រុងកំពង់ចាម និងសម្រួចការងារឲ្យកាន់តែល្អប្រសើរ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋានក្រុងកំពង់ចាម បានរំពឹងទុកថា ក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋានក្រុងកំពង់ចាម និងសម្រួចការងារឲ្យកាន់តែល្អប្រសើរ ក្នុងឆ្នាំ២០២៦នេះ ដើម្បីជាគំរូនៃបណ្តាស្រុកផ្សេងៗទៀត
អនុវត្តតាម។

លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្នុងកំពង់ចាម ។

លោក លី សុវណ្ណ អភិបាលក្នុងកំពង់ចាម បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៥ កន្លងមក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានដោះស្រាយនូវរាល់សំណើសំណូមពរ ដែលស្នើឡើងដោយប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាល។ ក្នុងនោះសំណើសំណូមពរមានចំនួន ៦៩ ក្រុមការងាររាជរដ្ឋាភិបាលដោះស្រាយរួចរាល់បានចំនួន ៦៨ សំណើសំណូមពរ នៅសល់ចំនួន ០១ (អំពីសំណើសុំប័ណ្ណ ប.ស.ស ឬប័ណ្ណសមធម៌។

ដោយឡែក សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំងបួន បានចុះធ្វើវេទិកាសាធារណៈក្នុងមូលដ្ឋានរៀងៗខ្លួន ក្នុងនោះក្រុមការងារ បានដោះស្រាយនូវសំណើ សំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ បានជាច្រើនករណីផងដែរ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងផងដែរថា សមិទ្ធផលដែលខេត្តកំពង់ចាមទទួលបានក្នុងឆ្នាំ ២០២៥ កន្លងទៅ គឺអង្គភាពចំនួន ៣ ដែលទទួលបានចំណាត់ថ្នាក់ជ័យលាភីលេខ១ ក្នុងការប្រឡងប្រណាំងអង្គភាពផ្ដល់សេវាគំរូ ទូទាំងប្រទេស ។ ក្នុងនោះមាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការផ្ដល់សេវាគំរូ លើវិស័យសុខាភិបាល និងការិយាល័យប្រជាពលរដ្ឋខេត្ត ទទួលបានចំណាត់ថ្នាក់លេខ ១ និងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ទទួលជ័យលាភី ចំណាត់ថ្នាក់លេខ ១ ផងដែរ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ក្រុងកំពង់ចាមគឺជាតំបន់ប្រមូលផ្ដុំ ទាំងពាណិជ្ជកម្ម ទាំងនយោបាយ និងរដ្ឋបាល ដូច្នេះក្រុមការងារជួយក្រុងកំពង់ចាម ត្រូវខិតខំសម្រួច តាក់តែងគោលនយោបាយ និងយុទ្ធសាស្ត្រនានា ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ដើម្បីជាគំរូ សម្រាប់ក្រុមការងារនៃស្រុកទាំង ៩ទៀត យកទៅអនុវត្តឱ្យស៊ីគ្នាជាមួយស្ថានភាពជាក់ស្ដែង នៅក្នុងមូលដ្ឋានរបស់ពួកគាត់។ ដូច្នេះអ្វីដែលក្រុមការងារក្រុងកំពង់ចាម រៀបចំបានល្អ គឺនាំភាពល្អនេះ ឲ្យទៅបណ្ដាឃុំ និងបណ្ដាស្រុក ផ្សេងៗ នៅក្នុងខេត្តកំពង់ចាមរបស់យើង ដែលទាំងនេះ គឺជាការរៀនពីគ្នាទៅវិញទៅមក ។ ដូច្នេះហើយ យើងត្រូវឲ្យក្រុងកំពង់ចាម រៀបចំការចេញដំណើរនៅក្នុងឆ្នាំ ២០២៦នេះ ឲ្យបានកាន់តែល្អប្រសើរ ៕

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top