ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារនៅសល់ជិត ៩ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីថៃ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារដែលនៅសល់ជិត ៩ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ។
ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី២៣ ខែមករាថា ឱកាសការងារចំនួន ៨៩ ៥៣៩កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។

ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម និងវិស័យសេវាកម្ម ហើយរាជធានី-ខេត្ត ដែលមានឱកាសការងារច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញមានចំនួន ២៦ ៤៥៣កន្លែង, ខេត្តកំពង់ស្ពឺមានចំនួន ២៦ ០៩៥កន្លែង, ខេត្តកណ្ដាលមានចំនួន ១០ ២៦១កន្លែង, ខេត្តតាកែវមានចំនួន ៨ ៤៧០កន្លែង និងខេត្តស្វាយរៀងមានចំនួន ៥ ៤៧៤កន្លែង។

ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃជាង ៣១ម៉ឺននាក់ហើយ បានទទួលការងារធ្វើតាមរយៈយន្ដការរបស់ក្រសួង ហើយមានបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋាន ជាដើម។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕
